(ប៉េកាំង)៖ ប្រទេសចិនបានកោះហៅអគ្គរដ្ឋទូតអាមេរិកប្រចាំទីក្រុងប៉េកាំង ព្រមទាំងប្រកាសលុបចោលកិច្ចចរចាផ្នែកយោធា ជាការ តវ៉ាប្រឆាំងនឹងសហរដ្ឋអាមេរិកដែលបានដាក់ទណ្ឌកម្មលើអង្គភាពយោធាចិន សម្រាប់ការទិញប្រព័ន្ធមីស៊ីល និងយន្ដហោះចម្បាំងពី រុស្ស៊ី។ នេះបើតាមក្រសួងការបរទេសចិន ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅថ្ងៃអាទិត្យ ទី២៣ ខែកញ្ញា ឆ្នាំ២០១៨។

ក្រសួងការបរទេសចិន នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនចេញផ្សាយកាលពីថ្ងៃសៅរ៍ បានឱ្យដឹងថាអនុរដ្ឋមន្ត្រីការបរទេសចិន លោក Zheng Zeguang បានកោះហៅអគ្គរដ្ឋទូតអាមេរិក លោក Terry Branstad ឱ្យចូលជួបដើម្បីប្រគល់កំណត់ទូតតវ៉ា។ មិន តែប៉ុណ្ណោះ ព្រមពេលជាមួយគ្នា ក្រសួងការពារជាតិចិនក៏បានប្រកាសលុបចោលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោនរបស់ ប្រមុខកងទ័ពជើងទឹកចិន លោក Shen Jinlong និងកិច្ចចរចាយោធារវាងចិន និងសហរដ្ឋអាមេរិក ដែលគ្រោងនឹងធ្វើឡើងនៅក្នុង ទីក្រុងប៉េកាំង នៅសប្ដាហ៍ក្រោយនេះផងដែរ។

លើសពីនេះទៅទៀត យោធាចិនថែមទាំងព្រមានដែរថា នឹងចាត់វិធានការឆ្លើយតបយ៉ាងសមចំពោះទង្វើរបស់សហរដ្ឋអាមេរិក ហើយថាទីក្រុងវ៉ាស៊ីនតោនគ្មានសិទ្ធិលូកដៃចូលក្នុងកិច្ចការរបស់ចិនឡើយ ព្រោះការសម្រេចចិត្តទិញយន្ដហោះចម្បាំង និងប្រព័ន្ធ មីស៊ីលពីរុស្ស៊ី គឺជារឿងធម្មតានៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋនិងរដ្ឋតែប៉ុណ្ណោះ។

សូមជម្រាបថា កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ សហរដ្ឋអាមេរិកបានសម្រេចចិត្តដាក់ទណ្ឌកម្មលើអង្គភាពអភិវឌ្ឍបរិក្ខាយោធាចិន
និងនាយកនៃអង្គភាពមួយនេះទាក់ទិនឹងការទិញយន្ដហោះចម្បាំង U-35 ចំនួន១០គ្រឿងកាលពីឆ្នាំ២០១៧ និងប្រព័ន្ធមីស៊ីល ការពារដែនអាកាស S-400 ពីរុស្ស៊ីនៅក្នុងឆ្នាំ២០១៨នេះ ដោយរំលោភលើច្បាប់ទណ្ឌកម្មលើរុស្ស៊ីរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ៕