(តេហេរ៉ង់)៖ ប្រភពពីមន្ត្រី​យោធាអ៊ីរ៉ង់បានឲ្យដឹងថា ចំនួនមនុស្សបាត់បង់​ជីវិត​នាពេល​នេះបានកើន​ឡើងដល់ ២៤នាក់ហើយ ខណៈ៥០នាក់​ទៀតរងរបួស ដែលភាគច្រើន​នៃជនរងគ្រោះ​គឺជាមន្ត្រីយោធា ព្រមទាំងជន​ស៊ីវិលផងដែរ ដោយសារតែការបាញ់រះ​ដោយក្រុម​ខ្មាន់កាំភ្លើង ទៅលើក្បួនព្យុហយាត្រា​យោធា​នៅក្នុងទីក្រុង Ahvaz នៃខេត្ត ឃូហ្សេស្ថាន (Khuzestan) ភាគខាងលិច​ប្រទេសអ៊ីរ៉ង់។ នេះបើតាម​​ការចេញ​ផ្សាយដោយ ស៊ីនហួរ នាល្ងាច​​ថ្ងៃសៅរ៍ ទី២២ ខែកញ្ញា ឆ្នាំ២០១៨។

សារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA ក៏បានចេញ​ផ្សាយផងដែរថា ក្រុមសកម្មប្រយុទ្ធ អាល់អាវ៉ាហ្ស៊ី (Al-Ahvazieh) ដែលមានសម្ព័ន្ធភាព​​ជាមួយក្រុមឧទ្ទាមអារ៉ាប់-អ៊ីរ៉ង់ បានប្រកាសថា ការវាយប្រហារ​​ខាងលើជាទង្វើ​របស់​ពួកគេ។ ប្រទេសអ៊ីរ៉ង់​​កន្លងមក​តែងតែ​​ចាត់ទុកថា ក្រុម​សកម្ម​ប្រយុទ្ធ Al-Ahvazieh គឺជាក្រុម​ភេរវករ​ដែលទទួលបាន​​ការគាំទ្រពី​​អារ៉ាប៊ីសាអូឌីត ដែលជា​សត្រូវរបស់​អ៊ីរ៉ង់​នេះ​តែម្តង។

គួរជម្រាបថា ​នាថ្ងៃសោរ៍សប្តាហ៍នេះ អ៊ីរ៉ង់​បានប្រារព្ធពិធីព្យុហយាត្រា​យោធា នៅតាមទីក្រុង​រួមទាំង​រដ្ឋធានីតេហេរ៉ង់ ដើម្បី​រំលឹកពី​ការ​​ចាប់ផ្តើមនៃសង្រ្គាម​អ៊ីរ៉ង់-អ៊ីរ៉ាក់ ដែលបានអូស​បន្លាយពី​ឆ្នាំ១៩៨០ ដល់​ឆ្នាំ១៩៨៨។ ការវាយប្រហារនេះ​ត្រូវបានធ្វើឡើង​​ដោយ​ជនដៃដល់ ០៤នាក់​ ក្នុងនោះ ០២នាក់ ត្រូវបានកង​កម្លាំងអ៊ីរ៉ង់បាញ់​​សម្លាប់ភ្លាមៗ និង០២នាក់ទៀត​​ត្រូវបានចាប់ឃាត់ខ្លួន៕