(តេហេរ៉ង់)៖ រដ្ឋមន្ត្រីការបរទេស​​អ៊ីរ៉ង់លោក ម៉ូហាំម៉េដ ហ្សាវ៉ាដ ហ្សារីហ្វ (Mohammad Javad Zarif) បាននិយាយថា សហរដ្ឋអាមេរិក និងសម្ព័ន្ធនានា​របស់អាមេរិក​នៅក្នុង​តំបន់ (មជ្ឈិមបូព៌ា) គឺជាអ្នកទទួលខុសត្រូវ​ ចំពោះការបាញ់រះទៅលើក្បួនព្យុហយាត្រា​យោធា​ក្នុងទីក្រុង អាវ៉ាស (Ahvaz) ភាគខាងលិចអ៊ីរ៉ង់ ដែលបានបណ្តាល​​ឲ្យ​មនុស្ស ១១នាក់ស្លាប់ និងជាង​៣០នាក់ទៀតរង​របួស។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នាល្ងាច​ថ្ងៃសៅរ៍ ទី២២ ខែកញ្ញា ឆ្នាំ២០១៨។

លោក ហ្សារីហ្វ បានថ្លែងនៅថ្ងៃសៅរ៍នេះយ៉ាងដូច្នេះថា «អ៊ីរ៉ង់កំពុងតែទាមទារឲ្យ​អ្នក​ស្ថិតនៅពីក្រោយការបង្ក​អំពើភេរវកម្មនេះ ចេញមុខមក​ទទួលខុសត្រូវ ហើយ​សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត​ទាំងឡាយនោះហើយ គឺជាអ្នក​ដែលត្រូវ​ទទួលខុសត្រូវចំពោះការវាយប្រហារ​របៀបៗនេះ...។ អ៊ីរ៉ង់នឹង​ឆ្លើយតបទៅ​វិញ​ដោយ​រហ័ស និងម៉ឺងម៉ាត់បំផុត​ក្នុងន័យការពារជីវិតប្រជាជនអ៊ីរ៉ង់»

គួរជម្រាបថា ​នាថ្ងៃសោរ៍សប្តាហ៍នេះ អ៊ីរ៉ង់​បានប្រារព្ធពិធីព្យុហយាត្រា​យោធា នៅតាមទីក្រុង​រួមទាំង​រដ្ឋធានីតេហេរ៉ង់ ដើម្បី​រំលឹកពី​ការ​​ចាប់ផ្តើមនៃសង្រ្គាម​អ៊ីរ៉ង់-អ៊ីរ៉ាក់ ដែលបានអូស​បន្លាយពី​ឆ្នាំ១៩៨០ ដល់​ឆ្នាំ១៩៨៨។ ជាមួយគ្នានេះ មិនទាន់មានក្រុម​ណាមួយ​ចេញមុខប្រកាសថា សកម្មភាពវាយប្រហារ​ខាងលើ ជាទង្វើរបស់ខ្លួននៅ​ឡើយទេ ប៉ុន្តែពីដំបូងឡើយអ៊ីរ៉ង់មាន​ការសង្ស័យ​ ទៅលើ​​ក្រុមជ្រុលនិយមមួយ​ចំនួនដូចជា អាវ៉ាស៊ីន (Ahwazi) និង តាគីហ្វីរី (Takifiri) ជាដើម៕