(តេហេរ៉ង់)៖ វីដេអូដ៏រន្ធត់​​ត្រូវបានបញ្ចេញហើយ ដោយក្នុងនោះមនុស្សសរុប ០៩នាក់​បានបាត់បង់ជីវិត និង​ប្រមាណ ២០នាក់​បានរងរបួស ក្រោយពីខ្មាន់​កាំភ្លើងមួយ​ក្រុម​​ បាន​បើកការវាយប្រហារ​ទៅលើ​ពិធីព្យុហយាត្រា​យោធា ដែលប្រារព្ធឡើង​នៅឯទីក្រុង អាវ៉ាស (Ahvaz) ភាគខាងលិចនៃប្រទេសអ៊ីរ៉ង់ ក្នុង​ឱកាស​ទិវាខួប​​នៃចាប់ផ្តើម​សង្គ្រាមជាមួយ​ប្រទេសអ៊ីរ៉ាក់ ។ នេះបើតាមការ​ដកស្រង់ការផ្សាយចេញ​ពីសារព័ត៌មាន Aljazeera នៅរសៀល​ថ្ងៃសៅរ៍ ទី២២ ខែកញ្ញា ឆ្នាំ២០១៨។

បើតាមការបញ្ជាក់​របស់ទីភ្នាក់ងារព័ត៌មាន​រដ្ឋអ៊ីរ៉ង់ IRNA បានឲ្យដឹងថា ការវាយប្រហារនេះ​ត្រូវបានធ្វើឡើង​ដោយ​ជនដៃដល់ ០៤នាក់​ ក្នុងនោះ ០២នាក់ ត្រូវបានកង​កម្លាំងអ៊ីរ៉ង់បាញ់​សម្លាប់ភ្លាមៗ និង០២នាក់ទៀត​ត្រូវបានចាប់ឃាត់ខ្លួន ហើយហេតុការណ៍​ដ៏រន្ធត់នេះ​ ​បាន​ បណ្តាលឲ្យកង​ឆ្មាំការពារបដិវដ្តន៍​អ៊ីរ៉ង់រហូតដល់​០៩នាក់បានស្លាប់ ហើយក្នុងចំណោម​អ្នករងរបួស ក៏មានជន​ស៊ីវិល​ដែល​ជា​ស្រ្តី​​និង​កុមារ​ផងដែរ។

ជាមួយគ្នានេះ មិនទាន់មានក្រុម​ណាមួយ​ចេញមុខប្រកាសថា សកម្មភាពវាយប្រហារ​ខាងលើ ជាទង្វើរបស់ខ្លួននៅ​ឡើយទេ ប៉ុន្តែមាន​ការសង្ស័យទៅលើ​​ក្រុមជ្រុលនិយមមួយ​ចំនួនដូចជា អាវ៉ាស៊ីន (Ahwazi) និង តាគីហ្វីរី (Takifiri) ជាដើម។

គួរជម្រាបថា ​នាថ្ងៃសោរ៍សប្តាហ៍នេះ អ៊ីរ៉ង់​បានប្រារព្ធពិធីព្យុហយាត្រា​យោធា នៅតាមទីក្រុង​រួមទាំង​រដ្ឋធានីតេហេរ៉ង់ ដើម្បី​រំលឹកពី​ការ​​ចាប់ផ្តើមនៃសង្រ្គាម​អ៊ីរ៉ង់-អ៊ីរ៉ាក់ ដែលបានអូស​បន្លាយពី​ឆ្នាំ១៩៨០ ដល់​ឆ្នាំ១៩៨៨៕