(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានព្រមានថា សហរដ្ឋអាមេរិក​នឹងចាប់ផ្តើមចាត់វិធានការ​ក្តៅមួយ​ចំនួនប្រឆាំង​នឹងរដ្ឋាភិបាល​វេណេស៊ុយអេឡា នៅពេលឆាប់ៗ​ខាងមុខ។ នេះបើតាម​ការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារ​ព័ត៌មាន​ចិនស៊ីនហួរ នៅរសៀល​ថ្ងៃសៅរ៍ ទី២២ ខែកញ្ញា ឆ្នាំ២០១៨។

ថ្លែងក្នុងបទសម្ភាសន៍​មួយជាមួយ​បណ្តាញ​សារព័ត៌មានអាមេរិក លោក Pompeo បាននិយាយ​យ៉ាងដូច្នេះថា «ខ្ញុំគិតថាអ្នក​នឹងឃើញ​ក្នុង​ពេលប៉ុន្មានថ្ងៃទៀត នូវចំណាត់ការ​ក្តៅមួយចំនួន ដែលនឹងបន្តបង្កើន​ការដាក់សម្ពាធទៅលើ​រដ្ឋាភិបាល​វេណេស៊ុយអេឡា»។ លោក​ប្រមុខ​ការទូតអាមេរិក បានអះអាងថា ទីក្រុង​វ៉ាស៊ីនតោន​មានការប្តេជ្ញាខ្ពស់ ដើម្បីធានាថា​ប្រជាជន​វេណេស៊ុយអេឡា នឹងទទួល​បាន​​ឱកាសក្នុង​ការបញ្ចេញមតិ ក៏ដូចជាបង្ហាញ​ការយល់ឃើញ​របស់ពួកគេ ប៉ុន្តែលោក Pompeo មិនបានបង្ហើប​ថា ​អាមេរិក​នឹងសម្រេច​ដាក់​​ទណ្ឌកម្ម​បន្ថែមលើ​ទីក្រុងរដ្ឋាភិបាល​ទីក្រុងការ៉ាកាស់​ដែរ ឬយ៉ាងណានោះឡើយ។

គួរជម្រាបថា កន្លងទៅនេះ​សហរដ្ឋអាមេរិក បានប្រកាសដាក់​ទណ្ឌកម្មប៉ុន្មានលើក​រួចមកហើយ ប្រឆាំងនឹង​មន្រ្តីរដ្ឋាភិបាល​វេណេស៊ុយ​អេឡា។ បើតាមសេចក្តីរាយការណ៍​ព័ត៌មានមួយ​ចំនួនរបស់ប្រព័ន្ធផ្សព្វ​ផ្សាយ​អាមេរិក កាលពីដើម​ខែនេះ​រដ្ឋបាល លោក ដូណាល់ ត្រាំ បានលួចចរចា​សម្ងាត់ ជាមួយ​ក្រុមមន្រ្តីប្រឆាំង​នៅក្នុងជួរយោធា​វេណេស៊ុយអេឡា​ប៉ុន្មានលើក ដើម្បីពិគ្រោះ​​អំពី​ផែន​ការ​របស់​ពួកគេ សំដៅ​រៀបចំរដ្ឋប្រហារ​នៅក្នុងប្រទេសអាមេរិកឡាទីន​មួយនេះ។

សម្រាប់ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ វិញ កាលពីខែសីហា ឆ្នាំ២០១៧ ធ្លាប់បាន​និយាយថា លោកពុំច្រានចោល​​ជម្រើស ​នៃការប្រើប្រាស់កម្លាំងទ័ព​នៅវេណេស៊ុយអេឡាឡើយ ប្រសិនបើចាំបាច់ ខណៈរដ្ឋាភិបាល​វេណេស៊ុយអេឡា បានចេញមុខរិះគន់​​​ភ្លាម​ៗ​ ចំពោះការប្រកាស​បែបនេះរបស់លោក ត្រាំ ថាជាការគំរាមកំហែង​ដល់សន្តិភាព និងជាការ​រំលោភលើ UN ច្បាប់អន្តរជាតិ ប៉ុន្តែ​ទន្ទឹមគ្នា​នោះ​ប្រធានាធិបតី​វេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ ក៏បានបង្គាប់​ឲ្យយោធាត្រៀមលក្ខណៈ​ជាប់ជានិច្ច ដើម្បី​​ទប់​ទល់ ក្នុងករណីមាន​ការឈ្លានពានពី​សហរដ្ឋអាមេរិក​ផងដែរ៕