(តេហេរ៉ង់)៖ ខ្មាន់កាំភ្លើងមួយ​ចំនួនបានបើកការបាញ់រះ ទៅលើក្បួន​ព្យុហយាត្រា​យោធាអ៊ីរ៉ង់មួយ ដែលបានប្រារព្ធឡើង​នៅទីក្រុង អាវ៉ាស (Ahvaz) នៃខេត្ត ឃូហ្សេស្ថាន (Khuzestan) ភាគខាងលិច​ប្រទេស​អ៊ីរ៉ង់។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន BBC នារសៀល​ថ្ងៃសៅរ៍ ទី២២ ខែកញ្ញា ឆ្នាំ២០១៨។

បើតាមប្រភព​ព័ត៌មានក្នុងស្រុកអ៊ីរ៉ង់ មនុស្សមួយចំនួន​បានស្លាប់ (មិនទាន់​មានតួលេខ​ច្បាប់លាស់) និងយ៉ាង​ហោចណាស់​ ២០នាក់បានទទួលរងរបួស។ ក្រុមខ្មាន់កាំភ្លើង​បានលាក់ខ្លួន​នៅក្នុង​សួនច្បារមួយ នៅក្បែរទីតាំង​នៃការដង្ហែក្បួនព្យុហយាត្រា​យោធា ហើយជនសង្ស័យ​ទាំងនោះ​ក៏ស្លៀកខោអាវ​ជាយោធា​ថែមទៀត។ តាមសារព័ត៌មាន​រដ្ឋអ៊ីរ៉ង់ចេញ​ផ្សាយថា ក្រុមសកម្មប្រយុទ្ធ​អ៊ីស្លាម អាចស្ថិតនៅពី​ក្រោយការ​វាយប្រហារ​នេះ។

គួរបញ្ជាក់ថា ការបាញ់ប្រហារ​បានប្រព្រឹត្តទៅក្នុង​​រយៈពេល ១០នាទី ខណៈទាហាន​ជាច្រើនរូប​​ត្រូវបានសាក្សីនៅកន្លែង​កើត​ហេតុអះអាងថា បានទទួល​រងរបួស និងស្លាប់ ហើយត្រូវបាន​​គេបញ្ជូនទៅកាន់មន្ទីរ​ពេទ្យផងដែរ។ អ៊ីរ៉ង់​កំពុងតែ​ប្រារព្ធខួប នៃចាប់ផ្តើម​សង្គ្រាមជាមួយប្រទេសអ៊ីរ៉ាក់ (កាលពីឆ្នាំ១៩៨០-១៩៨៨) ជាមួយនឹង​ការធ្វើព្យុហយាត្រា​​យោធា​ នៅតាមតំបន់សំខាន់ៗមួយចំនួនក្នុង​ប្រទេស៕