(ឡុងដ៍)៖ ខណៈមានការលេចធ្លាយព័ត៌មានថា លោក​ស្រី ថេរ៉េសា ម៉ាយ (Theresa May) អាចនឹងត្រូវបាត់បង់​តំណែងជានាយករដ្ឋមន្រ្តី​អង់គ្លេស អ្នកវិភាគ​ស្ថានការណ៍​នៅតំបន់អឺរ៉ុបម្នាក់​បានលើក​ឡើងថា លោកស្រី May ទំនងជាមានលទ្ធភាព​ត្រឹម ៥០ភាគរយ​ប៉ុណ្ណោះ ដើម្បីបន្តដឹកនាំ​​ប្រទេស។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀល​ថ្ងៃសុក្រ ទី២១ ខែកញ្ញា ឆ្នាំ២០១៨។

អ្នកវិភាគ​ខាងលើ​គឺលោក យ៉ាននី កួតសូមីទីស (Yanni Koutsomitis) បាននិយាយថា ជោគវាសនា​របស់លោកស្រី Theresa May អាចអាស្រ័យ​​ភាគច្រើន​ទៅ​លើថា តើ​លោកស្រី May នឹងទទួលបានការយោគ​យល់កម្រិតណាពី​សំណាក់​ថ្នាក់ដឹកនាំ​នៃសហភាពអឺរ៉ុប (EU) សម្រាប់កិច្ច​ព្រម​ព្រៀង Brexit (ការដកអង់​គ្លេសចេញពី​សហភាពអឺរ៉ុប)។

លោក Koutsomitis បានលើក​​ឡើងថា ប្រសិន​​បើ EU នៅតែប្រកាន់​​ជំហរ​រឹងមាំទាក់ទិន​​នឹង​​ដំណោះស្រាយ ជុំវិញបញ្ហា​ព្រំដែនអៀរឡង់​​​ទេនោះ​លោក​យល់ថា លោកស្រី May នឹង​ត្រូវជួបបញ្ហា​ធំ​នៅក្នុងគណបក្ស​អភិរក្ស​និយម​របស់​លោកស្រី ដោយហេតុថា ​មានសមាជិក​​សភា​មួយចំនួន ពិតជាមិនពេញ​ចិត្ត​នោះឡើយ ចំពោះអ្វី​ដែល​លោកស្រី May កំពុងចរចា​ជា​មួយ​សហភាព​អឺរ៉ុប ដូច្នេះហើយ​លោក​​គិតថា លោកស្រី May មានលទ្ធភាព ៥០ភាគរយ ក្នុងការបន្តកាន់​តំណែងជា​នាយករដ្ឋមន្រ្តី សម្រាប់រយៈពេល​​ប៉ុន្មានខែខាង​មុខ​ទៀត។

គួរជម្រាបថា បច្ចុប្បន្ន​ចក្រ​ភពអង់គ្លេស កំពុងព្យាយាម​ចរចា​បង្កើតកិច្ច​ព្រមព្រៀង Brexit ជាមួយ​​សហភាពអឺរ៉ុប ខណៈ​ដែលខ្លួន​មាន​​គោលដៅថា នឹងដើរចេញ​​ឲ្យផុតពី EU នៅ​ខែមីនា ឆ្នាំ២០១៩៕