(ហាណូយ)៖ ប្រទេសវៀតណាម​ពេលនេះកំពុងតែរៀបចំ ដើម្បីប្រារព្ធពិធីបុណ្យសព​ជូនថ្នាក់ដឹកនាំ​កំពូលរបស់ខ្លួន គឺប្រធានាធិបតី​លោក ត្រាន ដៃក្វាង (Tran Dai Quang) ដែលទើប​ទទួលមរណភាព កាលពីព្រឹកថ្ងៃសុក្រនេះ ប៉ុន្តែបើតាមការរំលឹក​ប្រវត្តិបន្តិចនោះ នៅរយៈពេលពីរថ្ងៃមុនលោក Tran ទទួលមរណភាព លោកនៅតែ​បានបំពេញ​ភារកិច្ចដដែល ក្នុងនាមជាប្រធានាធិបតី ប៉ុន្តែនៅក្នុងអការៈទ្រុឌទ្រោម។ នេះបើតាម​ការ​ចេញផ្សាយដោយ Channel News Asia នារសៀលថ្ងៃសុក្រ ទី២១ ខែកញ្ញា ឆ្នាំ២០១៨។

ខណៈដែលប្រភេទ​នៃជំងឺធ្ងន់ធ្ងរ ដែលបានធ្វើឲ្យប្រធានាធិបតី​វៀតណាមរូបនេះ​ទទួលមរណភាព ​មិនទាន់ត្រូវបានរដ្ឋាភិបាលវៀតណាម​ បញ្ជាក់ជាផ្លូវការនោះ គេបាន​រំលឹក​ទៅដល់ថ្ងៃពុធ ទី១៩ ខែកញ្ញា​ពីរថ្ងៃមុននេះ​ ដែលលោក Tran បានទទួលគណប្រតិភូ​​ជាន់ខ្ពស់ផ្នែកនយោបាយ មកពីប្រទេសចិន។

បន្ថែមពីនេះទៀត បើគេរំលឹក​ទៅដល់អ្វីគួរឲ្យកត់សម្គាល់នោះ គឺកាលពី​សប្តាហ៍មុន​ ​នៅពេលដែល​ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (Joko Widodo) មកបំពេញទស្សនកិច្ច​នៅ​ទីក្រុងហាណូយ លោក Tran បានរៀបចំពិធី​ទទួលស្វាគមន៍​លោក ចូកូវី ជាធម្មតា ប៉ុន្តែនៅពេល​ប្រធានាធិបតីរូបនេះ​ធ្វើដំណើរ គេសង្កេត​ឃើញថា លោកមិនមាន​លំនឹង​ផ្នែករាងកាយ​នោះឡើយ ដោយលោកបានបង្ហាញ​អការៈទន់ជើង និង​ធីងធោង​។

ដូច្នេះបើតាមការបញ្ជាក់​ព័ត៌មាននានាខាង​លើនេះ គេអាច​សន្និដ្ឋានបាន​ថា លោក Tran បានធ្លាក់ខ្លួន​ឈឺធ្ងន់ភ្លាមៗ ហើយទទួលការព្យាបាល​បន្ទាន់តែប៉ុន្មាន​ថ្ងៃប៉ុណ្ណោះ ទើបលោកទទួលមរណភាពនៅម៉ោង ១០៖០៥នាទីព្រឹក​ថ្ងៃសុក្រ​នេះ​ក្នុងជន្មាយុ ៦១ឆ្នាំ នៅឯមន្ទីរ​ពេទ្យយោធា ១០៨ នៃទីក្រុងហាណូយ បន្ទាប់ពីក្រុម​គ្រូពេទ្យជាតិ អន្តរជាតិ និងសាស្ត្រាចារ្យពេទ្យ​ជាច្រើនរូប បានព្យាយាម​យ៉ាងអស់ពី​សមត្ថភាព។

គួររំលឹកបន្ថែមទៀតថា លោក Tran Dai Quang បានឡើងកាន់តំណែងជា​ប្រធានាធិបតីវៀតណាម កាលពីខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីលោកកាន់តំណែង​នៅក្នុងក្រសួងសន្តិសុខសាធារណវៀតណាម អស់រាប់ទសវត្សរ៍។

រយៈពេលជាង​ពីរ​ឆ្នាំមកនេះ លោក Tran បានដើរ​តួនាទីយ៉ាងសំខាន់បំផុត ក្នុងនាមជាថ្នាក់​ជាន់ខ្ពស់មួយ​រូបក្នុងចំណោម​បីរូប​ នៃប្រទេសវៀតណាម ដើម្បីទទួល​ស្វាគមន៍ដំណើរទស្សនកិច្ច​ របស់​ថ្នាក់ដឹកនាំកំពូលៗអន្តរជាតិ​​ មកកាន់ប្រទេស​វៀតណាម និងបានធ្វើដំណើរ​ទៅបំពេញទស្សនកិច្ច​​ នៅតាមបណ្តាប្រទេស​ជាមិត្តរបស់​វៀតណាម​ជាច្រើន ដែលជាការ​លើកស្ទួយមុខមាត់​ប្រទេស​អាស៊ាន​មួយនេះ នៅលើ​ឆាក​អន្តរជាតិ៕