(វ៉ាស៊ីនតោន)៖ ក្រោយពីទើបដាក់ទណ្ឌកម្មទៅលើប្រទេសចិន ពាក់ព័ន្ធ​នឹងការ​ដែលទីក្រុង​ប៉េកាំង​ទិញសព្វាវុធពី​ប្រទេសរុស្ស៊ីនោះ ប្រធានាធិបតី​​អាមេរិក​លោក ដូណាល់ ត្រាំ បានចេញបទ​បញ្ជា​ឲ្យបន្តអនុវត្តន៍​ការដាក់ទណ្ឌកម្ម​ថែម​ទៀត ប្រឆាំងនឹង​​ប្រទេសរុស្ស៊ី។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃសុក្រ ទី២១ ខែកញ្ញា ឆ្នាំ២០១៨។

បទបញ្ជាខាងលើ​​ដែលមានឈ្មោះថា CAATSA អនុញ្ញាត​ឲ្យ​រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ ក្រោមការពិគ្រោះយោបល់​​ជាមួយរដ្ឋមន្រ្តី​ការបរទេស​​​ អាចប្រើប្រាស់​រាល់​សិទ្ធិអំណាច​ទាំងអស់ ដែលផ្តល់ឲ្យ​​​ដោយ​​ប្រធានាធិបតីអាមេរិក ដើម្បីបន្តអនុវត្តន៍​ទណ្ឌកម្មផ្សេងៗ ដែលទាក់ទិន​​នឹងប្រទេសរុស្ស៊ី។

ជាមួយគ្នានេះ រដ្ឋមន្រ្តីការបរទេស​អាមេរិក លោក Mike Pompeo ក៏បានចាត់បញ្ចូន​អង្គភាពក៏ដូចជាបុគ្គល​ចំនួន ៣៣រូប-អង្គភាព ទៅក្នុងបញ្ជីខ្មៅ​របស់ CAATSA ​ផងដែរ ដោយសារ​មានជាប់ពាក់ព័ន្ធ​ជាមួយស្ថាប័ន​ការពារជាតិ ឬស្ថាប័នស៊ើបការណ៍​សម្ងាត់​របស់រដ្ឋាភិបាល​រុស្ស៊ី។

ម៉្យាងវិញទៀត​កាលពីខែមីនា​កន្លងទៅ ក្រសួងហិរញ្ញវត្ថុអាមេរិក បានប្រកាសដាក់ទណ្ឌកម្មលើអង្គភាពចំនួន ០៥ ព្រមទាំង​បុគ្គល​​​ចំនួន​ ១៩រូប ដោយយោង​តាមច្បាប់ CAATSA។

គួរជម្រាបថា ទណ្ឌកម្មទាំងអស់​នេះ គឺជាការឆ្លើយតបរបស់​សហរដ្ឋអាមេរិក ចំពោះទង្វើរបស់​រុស្ស៊ី​នៅអ៊ុយក្រែន ការដណ្តើមយក​តំ​បន់​គ្រីមៀ ការលូកលាន់ និងវាយប្រហារតាមប្រព័ន្ធ​ព័ត៌មានវិទ្យា ការចូលជ្រៀតជ្រែក​កិច្ចការបោះឆ្នោត​ឆ្នាំ២០១៦ និងសកម្មភាព​ដទៃ​ទៀត​៕