(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានធ្វើដំណើរត្រឡប់មកដល់កូរ៉េខាងត្បូងវិញហើយ នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានចូលរួមក្នុងជំនួបកំពូលជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងទីក្រុងព្យុងយ៉ាង តាំងតែពីថ្ងៃអង្គារមក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកញ្ញា ឆ្នាំ២០១៨។

យន្ដហោះដឹកលោក មូន និងក្រុមមន្ត្រី​កូរ៉េខាងត្បូង រួមទាំងភរិយារបស់លោក បានមកដល់អាកាសយានដ្ឋាន Seongnam ស្ថិតនៅ ខាងក្រៅទីក្រុងសេអ៊ូល នៅម៉ោង ៥៖៤០នាទីល្ងាច (ម៉ោងនៅក្នុងតំបន់)។ លោក មូន និងលោក គីម បានចូលរួមក្នុងកិច្ចប្រជុំ កំពូលអន្តរកូរ៉េជាលើកទី០៣ របស់អ្នកទាំងពីរនៅក្នុងឆ្នំា២០១៨នេះ។ បន្ថែមពីលើនេះ នៅក្រោយជំនួបកំពូល មេដឹកនាំកូរ៉េទាំងពីរ បានឯកភាពគ្នាថានឹងចាត់វិធានការសកម្មភាពចាំបាច់នានា សំដៅលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ និងបញ្ចប់ពី ភាពតានតឹង រួមទាំងសកម្មភាពអរិភាពទាំងឡាយនៅតាមតំបន់ព្រំដែនកូរ៉េ។

សូមជម្រាបថា លោក មូន ជែអ៊ីន បានក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងទី០៣ ដែលបានយកជើងជាន់ទីក្រុងព្យុងយ៉ាង។ មេដឹកនាំកូរ៉េទាំងពីរបានជួបគ្នាពីរលើករួចមកហើយ គឺកាលពីថ្ងៃទី២៧ ខែមេសា និងថ្ងៃទី២៦ ខែឧសភា ហើយមិនតែប៉ុណ្ណោះ លោក គីម ជុងអ៊ុន ក៏បានសន្យាផងដែរថានឹងបំពេញដំណើរទស្សនកិច្ចទៅកាន់ទីក្រុងសេអ៊ូល ក្នុងពេលអនាគតដ៏ខ្លីខាងមុខ៕