(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីការបរទេស​អាមេរិក​លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានសម្តែងការស្វាគមន៍​​ចំពោះការប្តេជ្ញាចិត្ត ដែលធ្វើឡើងដោយ​​ទីក្រុង​ព្យុងយ៉ាង នៅក្នុងកិច្ចប្រជុំ​កំពូលអន្តរកូរ៉េ​នាថ្ងៃពុធម្សិលមិញនេះ ហើយលោក​បានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោន​បានត្រៀមរួច​ជា​ស្រេច ដើម្បីចាប់ផ្តើម​កិច្ចចរចាភ្លាមៗ​តែម្តងដោយមិនបង្អង់​យូរឡើយ ដើម្បីសម្រេច​គោលដៅ​នៃការរំសាយ​អាវុធនុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​ នៅឆ្នាំ២០២១។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មានចិន CGTN នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែកញ្ញា ឆ្នាំ២០១៨។

លោក Pompeo បានឲ្យដឹងថា រូបលោកទើបតែបានជជែកពិភាក្សាតាមទូរស័ព្ទ ជាមួយ​រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង និងបានឆ្លៀត​ឱកាសអញ្ជើញសមភាគីកូរ៉េខាងជើង​របស់លោក ឲ្យមកជួបមុខគ្នាផ្ទាល់នៅឯទីក្រុងញូយ៉កនាសប្តាហ៍ក្រោយនេះ ក្នុងឱកាសនៃការ​បើកមហាសន្និបាតនៃអង្គការសហប្រជាជាតិ។

សេចក្តីថ្លែងការណ៍របស់លោក Pompeo ត្រូវបានធ្វើឡើង​បន្ទាប់ពីប្រមុខដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានយល់ព្រមថា​នឹងធ្វើទស្សនកិច្ចជា​ប្រវត្តិសាស្រ្ត ទៅកាន់ទីក្រុងសេអ៊ូល​នាពេលឆាប់ៗ ហើយព្រមបិទ​ទីតាំង​ធ្វើតេស្តមីស៊ីល​ នៅចំពោះ​​មុខក្រុមអ្នក​ត្រួតពិនិត្យអន្តរជាតិ ក្នុងជំនួបកំពូលលើក​ទីបី​ជាមួយ​​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន នៅព្យុងយ៉ាង។

នៅថ្ងៃទីពីរនៃ​កិច្ចប្រជុំ​​កំពូលអន្តរកូរ៉េ ដែលប្រព្រឹត្តទៅនៅ​ទីក្រុងព្យុងយ៉ាង រវាងប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន និង​មេដឹក​នាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុង រដ្ឋាភិបាល​ប្រទេសទាំងពីរ​បានឈាន​​ដល់ការព្រមព្រៀង​ចេញ​សេចក្តីថ្លែងការណ៍​​រួម ព្រមទាំងការ​ចុះ​ហត្ថលេខាលើកិច្ច​ព្រមព្រៀងស្តីពីបញ្ហា​យោធាផងដែរ។

នៅក្នុងសេចក្តី​ថ្លែងការណ៍រួម ទីក្រុងព្យុងយ៉ាងបានសម្រេចថា នឹងកម្ទេចកន្លែងធ្វើតេស្ត​គ្រាប់រ៉ុក្កែតរបស់ខ្លួន​នៅតំបន់ ថុញខាន់នី (Tonchkhan-ni) ចោលទាំងស្រុង រួមជាមួយរោងចក្រ​នុយក្លេអ៊ែរនៅ យ៉ុនប្យុន (Yonbyon)។ បន្ថែមពីនេះ​លោក គីម ជុងអ៊ុន បាននិយាយថា ប្រជាជាតិទាំងពីរ​​បាន​ឯកភាពគ្នា​ប្តេជ្ញាបង្កើនកិច្ច​ប្រឹងប្រែង ដើម្បីលុបបំបាត់​អាវុធនុយក្លេអ៊ែរចេញពី​ឧបទ្វីបកូរ៉េ។

សម្រាប់កិច្ចព្រមព្រៀង​យោធាវិញ កូរ៉េខាងជើង និងកូរ៉េខាងត្បូង បានយល់ព្រមដកកងទ័ព​រៀងៗខ្លួនចេញពីតំបន់​​ព្រំដែនគ្មានយោធា Demilitarised Zone ហើយលែងឲ្យ​មានការកាន់អាវុធ​នៅក្នុងភូមិ ផាន់ម៉ុនចុម (Panmunjom) តទៀតឡើយ ព្រមទាំងបង្កើត​តំបន់គ្មានការធ្វើសមយុទ្ធយោធា​​មួយ​ថែមទៀត​ ​ដែលលាតសន្ធឹង ៨០គីឡូម៉ែត្រ នៅលើផ្ទៃសមុទ្រ​លឿង និងសមុទ្រជប៉ុន (សមុទ្រខាងកើត) ។

ជាចុងក្រោយ ទីក្រុងសេអ៊ូល និងព្យុងយ៉ាង​ក៏បានព្រមព្រៀង​បញ្ជូនក្រុម​អត្តពលិករួមគ្នា ឲ្យទៅប្រកួត​ក្នុង​កីឡាអូឡាំពិកឆ្នាំ២០២០ និង​ដាក់សំណើរួម​ដើម្បីសុំធ្វើជាម្ចាស់ផ្ទះ​ នៃកីឡាអន្តរជាតិ​នេះនៅឆ្នាំ២០៣២ ផងដែរ។ នេះគឺភាពវិជ្ជមាន​ថ្មីៗបន្ថែមទៀត សម្រាប់ការបន្ធូរ​បន្ថយភាពតានតឹង និងបង្កើនទំនាក់ទំនង​ប្រសើរឡើងវិញ​​រវាងបងប្អូន​កូរ៉េទាំងពីរ ដែលសហគមន៍​អន្តរជាតិចង់ឃើញ​ជាយូរណាស់​មកហើយ៕