(ញូដេលី)៖ ការបញ្ជាទិញ​យន្តហោះចម្បាំង ដ៏មានអានុភាព​របស់បារាំង រ៉ាហ្វាល់ (Rafale) ពីសំណាក់រដ្ឋាភិបាល​របស់នាយករដ្ឋ​មន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី នោះពេល​នេះ​កំពុងតែជួបប្រទះ​បញ្ហាហើយ ខណៈបក្សប្រឆាំង​ធំមួយនៅក្នុងប្រទេស បានដាក់សំណើ​ទៅកាន់ស្ថាប័នត្រួតពិនិត្យជាតិ​ ហៅកាត់ថា CAG ដើម្បីត្រួតពិនិត្យ​​កិច្ចព្រមព្រៀង​កាលពីឆ្នាំ២០១៦ នោះឡើង​វិញ។ នេះបើតាមការ​ចេញផ្សាយដោយ ស៊ិនហួរ នាល្ងាចថ្ងៃពុធ ទី១៩ ខែកញ្ញា ឆ្នាំ២០១៨។

ថ្នាក់ដឹកនាំនានា​នៃគណបក្សសភា​ប្រជាជនឥណ្ឌា (CP) បានរួមគ្នាបញ្ជូន​សំណើទៅ​កាន់ CAG ដើម្បីទាមទារ​ឲ្យមានការស៊ើបអង្កេត​ ទៅលើកិច្ចព្រមព្រៀងមួយ ដែលរដ្ឋាភិបាល​លោក ម៉ូឌី កាលពីឆ្នាំ២០១៦ បានបញ្ជាទិញយន្ត​ហោះចម្បាំង Rafale ចំនួន ៣៦គ្រឿង ពីក្រុមហ៊ុនផលិត​សព្វាវុធបារាំង នៅក្នុងន័យ​លើកស្ទួយមុខមាត់​ឥណ្ឌា​នៅលើឆាកអន្តរជាតិ។

ពាក់ព័ន្ធនឹង​បញ្ហា​ខាងលើនេះដែរ កាលពីខែសីហា​​កន្លងទៅនេះ សមាជិកសភា​ពីររូបរបស់​គណបក្ស បារ៉ាទីយ៉ា ហ្សាណាតា (Bharatiya Janata Party ឬ BJP) ដែលជាបក្ស​កាន់អំណាចនោះ បានមូលមតិគ្នា​ជាមួយមន្ត្រីតុលាការ​កំពូល​ឥណ្ឌាមួយរូប​គឺលោក ប្រាសានត៍ បូហ្សាន (Prashant Bhushan) ដើម្បីអំពាវនាវ​​ឲ្យមាន​ការត្រួត​ពិនិត្យ​ឡើងវិញ ចំពោះកិច្ចព្រមព្រៀង​រវាងរដ្ឋាភិបាល​លោក ណារិនដ្រា ម៉ូឌី និងរដ្ឋាភិបាល​បាំងក្នុងការទិញ-លក់ យន្តហោះ​ចម្បាំង Rafale ចំនួន ៣៦គ្រឿង ដែលមតិមួយ​ចំនួនបាន​ចោទថា «ជាបទល្មើស​ព្រហ្មទណ្ឌដ៏ធំមហិមា ត្រូវបាន​ប្រព្រឹត្តឡើងដោយ​បក្សកាន់​អំណាច...»

គួរបញ្ជាក់ថា ការតវ៉ានេះ​គឺក្រុមប្រឆាំង និងមន្ត្រីបក្សកាន់អំណាចខ្លួនឯងមួយចំនួន​ដែលមិនសុខចិត្តនោះ បានទាមទារឲ្យរដ្ឋាភិបាល​លោក ម៉ូឌី បង្ហាញឲ្យ​ច្បាស់អំពីតម្លៃ នៃកិច្ចព្រមព្រៀង​ទិញ​យន្តហោះ​ចម្បាំងចំនួន ១២៦គ្រឿង ប្រភេទ UPA ដោយ​រដ្ឋសភាឥណ្ឌា និងយន្តហោះ​ចម្បាំង Rafale ចំនួន ៣៦គ្រឿង​ដោយរដ្ឋាភិបាល​លោក ម៉ូឌី៕