(ព្យុងយ៉ាង)៖ កូរ៉េខាងជើង​ និងកូរ៉េខាងត្បូង​នៅថ្ងៃពុធនេះ បានចុះហត្ថលេខា​លើកិច្ចព្រមព្រៀងមួយ​ ស្ដីពីវិស័យការពារជាតិ​រវាង​ប្រទេស​ទាំងពីរ ព្រមទាំងសេចក្ដីថ្លែងការណ៍រួមមួយ បន្ទាប់ពីជំនួបកំពូល​រវាងលោក មូន​ ជែអ៊ីន និងលោក គីម ជុងអ៊ុន ក្នុងទីក្រុង​ព្យុងយ៉ាង។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន Sputnik នៅថ្ងៃពុធ ទី១៩ ខែកញ្ញា ឆ្នាំ២០១៨។

កិច្ចព្រមព្រៀង​ស្ដីពីវិស័យយោធា ត្រូវបានចុះហត្ថលេខា​ដោយរដ្ឋមន្ត្រីការពារជាតិ​កូរ៉េខាងត្បូង លោក សុង យាំងមូ (Song Young-moo) និងរដ្ឋមន្ត្រីការពារជាតិ​កូរ៉េខាងជើង លោក ណូ ក្វាងចុល (No Kwang Chol) ក្រោមវត្តមានប្រមុខរដ្ឋ​នៃប្រទេសទាំងពីរ ប៉ុន្តែមិនទាន់មានការ បញ្ជាក់លម្អិត​ពីអ្វីដែលមានចែង​ នៅក្នុងកិច្ចព្រមព្រៀងនេះ​នៅឡើយទេ។

ដោយឡែក បើតាមសេចក្ដីថ្លែងការណ៍រួម​ឯណោះវិញ ទីក្រុងព្យុងយ៉ាង​បានយល់ព្រមបិទទីតាំង​បាញ់សាកល្បងមីស៊ីល និងគ្រាប់រ៉ុក្កែត​នៅក្នុងតំបន់ ថុញខាន់នី (Tonchkhan-ni) ជាអចិន្ត្រៃយ៍ ក្រោមវត្តមានអ្នក​អង្កេតការណ៍​អន្តរជាតិ។ លើសពី​ទៅទៀត កូរ៉េខាងជើង ក៏បានអះអាងផ​ងដែរថា ខ្លួននឹងបិទរោងចក្រ​នុយក្លេអ៊ែរ​ក្នុងតំបន់ យ៉ុនប្យុន (Yonbyon) បើសិនជា​សហរដ្ឋអាមេរិក​ ចាត់វិធានការសកម្មភាព​ទៅវិញ​ទៅមក។

គួរជម្រាបថា លោក មូន ជែអ៊ីន បានក្លាយជាប្រធានាធិបតី​កូរ៉េខាងត្បូង ដំបូងគេបំផុតដែល​បានបំពេញដំណើរទស្សនកិច្ច​ទៅកាន់ ទីក្រុងព្យុងយ៉ាង ក្នុងរយៈពេលជាង ១១ឆ្នាំមកនេះ ក្រោយអតីតប្រធានាធិបតី​កូរ៉េខាងត្បូង លោក រ៉ូ មូយុន (Roh Moo-hyun) ក៏ធ្លាប់បាន​ជាន់ដីកូរ៉េខាងជើង​ផងដែរ កាលពីខែតុលា ឆ្នាំ២០០៧៕