(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី​លោក វ៉្លាឌីមៀ ពូទីន បានថ្លែងថា ការបាញ់ទម្លាក់​យន្តហោះយោធារុស្ស៊ី​មួយគ្រឿង នៅលើដែនសមុទ្រ​​មេឌី​ទែរ៉ាណេ ក្បែរឆ្នេរ​ប្រទេសស៊ីរី គឺជារឿងហេតុចៃដន្យ​ដ៏អាក្រក់មួយ តែលោកពុំបានបន្ទោសលើ​ស៊ីរី ឬក៏អ៊ីស្រាអែល ដែលមាន​ជាប​ពាក់​ព័ន្ធនឹងរឿង​នេះឡើយ។ នេះបើតាមការដក​ស្រង់​ការផ្សាយ​ចេញពីសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃពុធ ទី១៩ ខែកញ្ញា ឆ្នាំ២០១៨។

ជុំវិញ​ហេតុការណ៍នេះ នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​លោក បេនចាមីន ណេតាន់យ៉ាហូ (Benjamin Netanyahu) បានហៅទូរស័ព្ទមក​កាន់​លោក ពូទីន ដើម្បីសម្តែង​ការចូលរួមសោកស្តាយ​ចំពោះយោធារុស្ស៊ី ដែលបាន​បាត់បង់ជីវិត ប៉ុន្តែអ៊ីស្រាអែលបានទទូចថា យន្តហោះនោះ​ត្រូវ​បាន​​បាញ់​​ទ​ម្លាក់ដោយ​ប្រព័ន្ធមីស៊ីល​ការពារអាកាស​របស់ស៊ីរី ដែលមានន័យថាវាពុំមានហេតុផល​ណាមួយ ត្រូវឲ្យអ៊ីស្រាអែល​មកទទួលខុសត្រូវ​នោះឡើយ។

​ក្រសួងការពារ​ជាតិរុស្ស៊ី​បានបញ្ជាក់ឲ្យដឹងថា ប្រព័ន្ធការពារដែន​អាកាសស៊ីរី បានច្រឡំបាញ់​មីស៊ីលទៅលើយន្តហោះ​យោធារុស្ស៊ី នៅចំពេល​មានការបើកការ​វាយប្រហារ​ ដោយ​កង​យន្តហោះចម្បាំងរ​បស់អ៊ីស្រាអែល ទៅលើ​ទីក្រុង ឡាតាកៀ (Latakia) របស់ប្រទេស​ស៊ីរី។

គួរជម្រាបថា ក្នុងឱកាសពិភាក្សា​ជាមួយលោក ណេតាន់យ៉ាហូ លោក ពូទីន ក៏បានព្រមាន​អ៊ីស្រាអែល កុំឲ្យ​ធ្វើប្រតិបត្តិការ​បែបនេះ​ទៀតនាពេលអនាគត​ផងដែរ៕