(ព្យុងយ៉ាង)៖ មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុងអ៊ុន បាននិយាយថា លោកនឹងបំពេញ​ដំណើរទស្សនកិច្ចទៅកាន់​ទីក្រុងសេអ៊ូល ក្នុងអនាគតដ៏ខ្លី​ខាងមុខនេះ ខណៈលោក និងប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូន ជែអ៊ីន ក៏បានឯកភាពគ្នា​ដែរថា នឹងប្រឹងប្រែង​ធ្វើឱ្យឧបទ្វីបកូរ៉េ​គ្មានអាវុធនុយក្លេអ៊ែរ និងគ្មាន​ការគំរាមកំហែង។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារ​ព័ត៌មាន​យ៉ុនហាប់ នៅព្រឹកថ្ងៃពុធ ទី១៩ ខែកញ្ញា ឆ្នាំ២០១៨។

ការលើកឡើង​ខាងលើរបស់​លោក គីម ជុងអ៊ុន ធ្វើឡើងនៅក្នុង​ជំនួបមួយទល់នឹងមួយជា​មួយលោក មូន ជែអ៊ីន នាឱកាស​ចូលរួម ក្នុងកិច្ចចរចា​ជុំទី ២ នៅថ្ងៃពុធនេះ។ កិច្ចប្រជុំនេះត្រូវ​បានធ្វើឡើងនៅឯ​វិមានរដ្ឋ ភែកហ្វាវ៉ុន (Paekhwawon) នៃទីក្រុងព្យុងយ៉ាង ហើយមិនតែប៉ុណ្ណោះ​នៅក្នុងជំនួបនោះ​មេដឹកនាំទាំងពីរ​ក៏បានចុះហត្ថលេខា​លើសេចក្ដីថ្លែងការណ៍រួមមួយ​ផងដែរ ប៉ុន្តែភា្លមៗ​មិនទាន់មាន​ការបញ្ជាក់លម្អិត​អ្វីនៅឡើយ​ទេ។

គួរជម្រាបថា បើតាមការ​គ្រោងទុក​លោក មូន ជែអ៊ីន នឹងត្រូវត្រឡប់​ទៅកាន់ទីក្រុង​សេអ៊ូលវិញ នៅថ្ងៃព្រហស្បតិ៍​ស្អែកនេះ ហើយ លោកនឹងត្រូវ​បន្តធ្វើដំណើរទៅកាន់​ទីក្រុងញូយ៉ក ដើម្បីជួបជា​មួយលោក ដូណាល់ ត្រាំ នាឱកាសចូលរួម​កិច្ចប្រជុំ​មហាសន្និបាត អង្គការ​សហប្រជាជាតិ​នៅសប្ដាហ៍​ក្រោយនេះ៕