(បាងកក)៖ អតីតនាយករដ្ឋមន្ត្រី​ថៃ​ ដែលកំពុងរស់នៅនិរទេសខ្លួន​នៅឯបរទេស លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) បាននិយាយថា បច្ចុប្បន្ន វាដល់ពេលវេលា​ហើយដែលអ្នកនយោបាយ​នៅក្នុងប្រទេសថៃ​ ត្រូវអង្គុយចរចាគ្នា ដើម្បីស្វែងរកផល​ប្រយោជន៍រួមសម្រាប់​ជាតិ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Bangkok Post នៅព្រឹកថ្ងៃពុធ ទី១៩ ខែកញ្ញា ឆ្នាំ២០១៨។

លោក Thaksin Shinawatra ធ្វើការកត់សម្គាល់​បែបនេះ​នៅលើទំព័រ Facebook នាឱកាសខួប​លើកទី ១២ នៃការធ្វើរដ្ឋប្រហារយោធាផ្ដួលរំលំ​រដ្ឋាភិបាលរបស់លោក​ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៦ ក្នុងអំឡុងពេលលោក​កំពុងចូលរួមក្នុងកិច្ច​ប្រជុំមហា សន្និបាតអង្គការ​សហប្រជាជាតិ​ នៅឯទីក្រុងញូយ៉ក​សហរដ្ឋអាមេរិក។

លោក Thaksin បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «បច្ចុប្បន្នវា​គឺជា​ពេលវេលា​ដែលយើងទាំងអស់​ ត្រូវអង្គុយទល់មុខគ្នា ហើយពិភាក្សាគ្នា​ដើម្បីរកផលប្រយោជន៍​រួមសម្រាប់ជាតិ ឬក៏នៅតែបន្ត​វាយប្រហារ ដាក់គ្នា​ទៅវិញ​ទៅមក។ លោក​បន្តថា «ខ្ញុំពិតជា​ចង់ស្រែកឱ្យ​ខ្លាំងៗ ថាតើពួកយើង​ជាជនជាតិថៃដែរ ឬទេ? ហើយក្នុង​ឱកាសខួបលើក​ទី ១២ នេះខ្ញុំសូមនិយាយដោយ​ស្មោះថា ខ្ញុំពិតជាសោកស្ដាយ​ចំពោះអ្វីដែលបាន​កើតឡើងលើ​ប្រទេសថៃ»។

ទោះបីជាយ៉ាងនេះក្ដី នៅក្នុងសារចុងក្រោយ​របស់ខ្លួន លោក Thaksin នៅតែអះអាងថា រដ្ឋប្រហារកាលពី ១២ឆ្នាំមុន បាន​ផ្ដល់​ឱកាសសុភមង្គល និងឱកាសដល់​ក្នុងការរស់នៅជួប​ជុំ ជាមួយគ្រួសារ​របស់លោក​ហើយថាលោក​អភ័យទោស​ដល់អ្នកទាំងឡាយ ដែលធ្វើមិនល្អ​ដាក់រូប​លោក៕