(បាងកក)៖ អភិបាលនៃខេត្ត​ម៉ែហុងសុន (Mae Hong Son) នៃភាគខាងជើង​ប្រទេសថៃ ដែលបានទទួល​រង​ឥទ្ធិពលដ៏​ខ្លាំងក្លា នៃព្យុះទីហ្វុង​មាំងឃុត (Mangkhut) នោះបានបណ្តាល​ឲ្យក្មេង​ស្រីម្នាក់បាត់​បង់ជីវិត និងមនុស្ស​ ០៧នាក់ ទៀតបាត់ខ្លួន។ នេះបើតាម​ការ​ចេញផ្សាយដោយ សារព័ត៌មាន​​ចិនស៊ីនហួរ នាព្រឹក​ថ្ងៃពុធ ទី១៩ ខែកញ្ញា ឆ្នាំ២០១៨។

របាយការណ៍ខាង​លើនេះ ត្រូវបានបញ្ជាក់ឲ្យដឹង​ដោយអភិបាលខេត្តរបស់​ថៃខាងលើ គឺលោក ស៊ីរីរ៉ាត់ ជូមុពផាកាន (Sirirat Chumuppakan) ទៅកាន់ក្រសួង​មហាផ្ទៃថៃ ដោយក្នុងនោះបាន​សង្កត់ធ្ងន់ថា មនុស្សទាំង ០៧នាក់ដែលបាត់ខ្លួននោះ គឺកំពុងស្ថិតក្នុងតាមរក​នៅឡើយពីក្រុមសង្គ្រោះ ហើយក្នុងចំណោម​នោះក៏មានក្មេង​អាយុ ០៣ឆ្នាំ​ម្នាក់ផងដែរ។

បន្ថែមពីនេះទៀត​ ការបាក់ដី និងលំហូរល្បាប់ភក់​បានបង្កឲ្យប្រជាជន​ក្នុងខេត្ត ម៉ៃហុងសុន ១១នាក់​រងរបួស ហើយក៏​បានបំផ្លិចបំផ្លាញផ្ទះរាប់​សិបខ្នងផងដែរ។ ព្យុះទីហ្វុង Mangkhut ដ៏កាចសាហាវ​បានវាយប្រហារប្រទេស​ហ្វីលីពីន​កាលពី​សប្តាហ៍មុន ដោយបានបង្កឲ្យ​មនុស្សស្លាប់ និង​បាត់ខ្លួនជាង ១០០នាក់​ ខណៈនៅប្រទេស​ចិន​ក៏មាន​មនុស្សស្លាប់ និងការខូចខាត​ទ្រព្យសម្បត្តិជាច្រើន​ដោយសារព្យុះ​នេះដែរ៕