(ប៉េកាំង)៖ រដ្ឋាភិបាលចិន នៅថ្ងៃអង្គារនេះ បានសម្រេចចិត្តដំឡើងពន្ធមានតម្លៃ ៦០ពាន់លានដុល្លារ លើផលិតផលនាំចូលពី សហរដ្ឋអាមេរិកជាការសងសឹកទៅនឹងការដំឡើងពន្ធ ២០០ពាន់លានដុល្លារលើផលិតផលនាំចូលពីចិន ពីសំណាក់ប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ។ នេះបើតាមក្រសួងពាណិជ្ជកម្មចិនដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៨ ខែកញ្ញា ឆ្នាំ២០១៨។

ប្រតិកម្មរបស់ក្រសួងពាណិជ្ជកម្ម កើតមានឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានដំឡើងពន្ធ១០
ភាគរយ ឬមានតម្លៃជាង២០០ពាន់លានដុល្លារលើផលិតផលនាំចូលពីចិន ហើយមិនតែប៉ុណ្ណោះលោកក៏បានគំរាមផងដែរថាអាច នឹងដំឡើងពន្ធរហូតដល់២៦៧ពាន់លានដុល្លារបន្ថែមទៀត នៅក្នុងករណីដែលចិនចាត់វិធានការសងសឹងជាមួយសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក នឹងត្រូវអនុវត្តលើផលិតផលចិនជាង៦,០០០មុខ ហើយវានឹងក្លាយជា ការដំឡើងពន្ធដ៏ធំបំផុតមួយរបស់រដ្ឋបាលលោកត្រាំ ក្នុងពេលបច្ចុប្បន្ន។ គំរោងដំឡើងពន្ធនេះ នឹងត្រូវចូលជាធរមាននៅថ្ងៃទី២៤ ខែកញ្ញានេះ ដោយចាប់ផ្ដើមពីការអនុវត្តពន្ធ១០ភាគរយ និងបង្កើនរហូត២៥ភាគរយចាប់ពីដើមឆ្នាំក្រោយតទៅរហូតទាល់តែ ប្រទេសពីរអាចព្រមព្រៀងគ្នាលើ កិច្ចព្រមព្រៀងផ្សះផ្សាជម្លោះពាណិជ្ជកម្មនេះ៕