(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី១៨ ខែកញ្ញា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ទីបំផុតប្រធានាធិបតី​​កូរ៉េខាងត្បូង​លោក មូន ជែអ៊ីន និង​មេដឹកនាំ​កំពូល​ផុតលេខកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចាប់ផ្ដើមកិច្ចចរចា​ជុំទី១ ហើយនៅថ្ងៃអង្គារនេះ ក្នុងកិច្ចប្រជុំកំពូល​អន្តរ​កូរ៉េលើកទី ៣ ដែលមាន​គោលបំណង​សម្របសម្រួល ត្រួសត្រាយផ្លូវឱ្យមានការចាប់ផ្ដើមឡើងវិញ នូវកិច្ចពិភាក្សា​ស្ដីពីការលុបបំបាត់​អាវុធនុយក្លេអ៊ែរ​ នៅលើឧបទ្វីប​កូរ៉េ​រវាង​លោក គីម និងលោក ដូណាល់ ត្រាំ៕

២៖តំបន់មួយចំនួន​ធំនៅក្នុងប្រទេស​សិង្ហបុរី បានដាច់ការផ្គត់ផ្គង់​ចរន្តអគ្គិសនី​ជាង​កន្លះម៉ោង​នៅព្រឹកឈានចូល​ថ្ងៃអង្គារនេះ ដោយបង្កផលប៉ះពាល់​យ៉ាងខ្លាំង​ដល់ប្រជាជន និងហាង​ទំនិញនានា៕

៣៖ ​ក្រុមហ៊ុន​អវកាស​អាមេរិក SpaceX បានប្រកាស​ឲ្យដឹងថា កំពូល​មហាសេដ្ឋីជនជាតិ​ជប៉ុនម្នាក់ នឹងក្លាយជាអតិថិជន​​​ដំបូងបំផុតរបស់ខ្លួន នៅក្នុងការធ្វើដំណើរ​ទេសចរណ៍​ ឡើងទៅកាន់ឋានព្រះច័ន្ទ នៅលើគ្រាប់រ៉ុក្កែត​ជំនាន់ថ្មី របស់ក្រុមហ៊ុន ដែលកំពុង​ស្ថិត​ក្រោមការអភិវឌ្ឍ៕

៤៖ ចានតេឡេស្កូបយក្ស​របស់ចិន ដែលមានឈ្មោះ​កាត់ថា FAST នឹងចាប់ផ្តើមធ្វើប្រតិបត្តិការ​ជាផ្លូវការ ក៏ដូចជាបើកទទួល​ស្វាគមន៍​​តារាវិទូចិន នៅឆ្នាំ២០១៩ ខាងមុខនេះហើយ។

៥៖ ក្រសួងការពារជាតិ​រុស្ស៊ីបានចេញមុខ​បន្ទោសអ៊ីស្រាអែល និងទាមទារឲ្យ​ប្រទេសក្បែរ​ខាងស៊ីរី​មួយនេះ ទទួលខុសត្រូវចំពោះ​ការធ្លាក់យន្តហោះ អ៊ីល-២០ (Il-20) ជាមួយនឹងយោធា​រុស្ស៊ីនៅលើនោះសរុប ១៥នាក់ នៅក្នុងដែនសមុទ្រ​មេឌីទែរ៉ាណេ ទោះបីជាទង្វើនេះ​​ត្រូវបានបង្កឡើង​ដោយការ​ភ័ន្តច្រឡំ ពីសំណាក់​ប្រព័ន្ធការពារដែន​អាកាសនៃប្រទេសស៊ីរី​​ក៏ដោយ៕

៦៖ សហរដ្ឋអាមេរិក កំពុងត្រៀមដំឡើងពន្ធថ្មីមួយមានតម្លៃជាង ២០០ពាន់លានដុល្លារលើផលិតផលនាំចូលពីចិនខណៈជម្លោះ ពាណិជ្ជកម្មកាន់តែសភាពធ្ងន់ធ្ងរ ជាមួយការគំរាមដំឡើងពន្ធបន្ថែមរហូតដល់២៦៧ពាន់លានដុល្លារពីសំណាក់លោក ដូណាល់ ត្រាំ នៅពេលអនាគត៕