(ម៉ូស្គូ)៖ ក្រសួងការពារជាតិ​រុស្ស៊ីបានចេញមុខ​បន្ទោសអ៊ីស្រាអែល និងទាមទារឲ្យ​ប្រទេសក្បែរ​ខាងស៊ីរី​មួយនេះ ទទួលខុសត្រូវចំពោះ​ការធ្លាក់យន្តហោះ អ៊ីល-២០ (Il-20) ជាមួយនឹងយោធា​រុស្ស៊ីនៅលើនោះសរុប ១៥នាក់ នៅក្នុងដែនសមុទ្រ​មេឌីទែរ៉ាណេ ទោះបីជាទង្វើនេះ​​ត្រូវបានបង្កឡើង​ដោយការ​ភ័ន្តច្រឡំ ពីសំណាក់​ប្រព័ន្ធការពារដែន​អាកាសនៃប្រទេសស៊ីរី​​ក៏ដោយ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik នាល្ងាច​ថ្ងៃអង្គារ ទី១៨ ខែកញ្ញា ឆ្នាំ២០១៨។

រដ្ឋមន្ត្រីក្រសួង​ការពារជាតិរុស្ស៊ីលោក ស៊ឺហ្គៃ សយហ្គូ បានថ្លែងដូច​ខាងលើនេះ នៅក្នុងការឱកាល​ដែលលោកកំពុងតែ​បញ្ជាកម្លាំង មានដូចជានាវា​រុករកចំនួន ០៨គ្រឿង និងយន្តហោះយោធា​មួយចំនួនផងដែរ ដើម្បីតាមស្វែងរក​បំណែកនៃ​យន្តហោះ​យោធា Il-20 និងមនុស្ស​ចំនួន ១៥នាក់ ដែលគេជឿ​ជាក់ថា គ្មាននរណា​នៅរស់រានមានជីវិត​នោះឡើយ បន្ទាប់ពីយន្តហោះនោះ​ត្រូវបានគ្រាប់មីស៊ីល​បុកចំ និងធ្លាក់​ក្នុងសមុទ្រ​មេឌីទែរ៉ាណេ។

បន្ថែមពីនេះ​ការថ្លែងរបស់លោក សយហ្គូ ក៏ត្រូវបានធ្វើឡើងដោយ​ផ្ទាល់ទៅកាន់​រដ្ឋមន្ត្រីការពារជាតិ​​អ៊ីស្រាអែលលោក អេវីកដ័រ ឡៃប៊ឺមែន (Avigdor Lieberman) ផងដែរ ដោយក្នុង​នោះ​រុស្ស៊ីបានអំពាវនាវ​ហើយអំពាវនាវទៀត ឲ្យប្រទេស​អ៊ីស្រាអែល​​បញ្ឈប់ជាបន្ទាន់​​នូវការវាយ​ប្រហារគ្រប់​ទម្រង់ទាំងអស់​ ទៅលើទឹកដីរបស់​​ប្រទេសស៊ីរី។ សម្រាប់ការឲ្យអ៊ីស្រាអែលជាអ្នកទទួលខុសត្រូវនេះ គឺរុស្ស៊ីចង់សំដៅទៅការបង្កហេតុ​របស់យោធា​អ៊ីស្រាអែល មកលើទឹកដីស៊ីរី​ដោយមិនបានប្រាប់​រុស្ស៊ីជាមុន ដែលប្រការ​នេះហើយ ទើបបង្កឲ្យបញ្ហា​ទាំងឡាយផ្ទុះ​ឡើង​ដូចពេល​នេះ។ ​

គួរបញ្ជាក់ថា បំណែករបស់​យន្តហោះយោធា​រុស្ស៊ី Il-20 ត្រូវបានកងទ័ព​រុស្ស៊ីជឿជាក់​ថា ស្ថិតនៅក្នុងដែន​សមុទ្រមេឌីទែរ៉ាណេ ចម្ងាយ ២៧គីឡូម៉ែត្រពីស្រុក​បានីយ៉ាស (Banias) របស់ខេត្ត​ឡាតាកៀ (Latakia) ដែលទើបត្រូវ​​បានយន្តហោះ​អ៊ីស្រាអែល​ ​បាញ់ស្រោច​មីស៊ីល​​កាលពីម្សិលមិញ​​នេះ។ ដោយឡែក​ខាងយោធាស៊ីរីវិញ ជុំវិញការ​បាញ់ទម្លាក់​យន្តហោះរុស្ស៊ី គឺមិនទាន់មាន​ការចេញសេចក្តីថ្លែងការណ៍​អ្វីឡើយ៕