(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង​លោក គីម ជុងអ៊ុន នៅថ្ងៃអង្គារនេះ បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយលោកបានចេញមកទទួល ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូន ជែអ៊ីន ដោយផ្ទាល់នៅ​ឯអាកាសយានដ្ឋាន​អន្តរជាតិ​ទីក្រុងព្យុងយ៉ាង។ នេះបើ​តាមការចេញ ផ្សាយដោយ​ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែកញ្ញា ឆ្នាំ២០១៨។

លោក គីម ជុងអ៊ុន និងលោក មូន ជែអ៊ីន បានចាប់ដៃគ្នា​ទៅវិញទៅមក ក្រោមទឹកញញឹម ខណៈប្រជាជនកូរ៉េទាំង​ពីររំពឹងថា ប្រទេសជាបង​ប្អូនបង្កើតទាំងពីរ​ អាចនឹងផ្សះផ្សាគ្នា​ឡើងវិញ។ លោក មូន ជែអ៊ីន បានធ្វើដំណើរ​ទៅដល់​ទីក្រុងព្យុងយ៉ាង​នៅព្រឹក​ថ្ងៃអង្គារនេះ ដើម្បីចូលរួមក្នុង​ជំនួបកំពូលជាមួយមេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងគោលបំណង​សម្របសម្រួល​ ឱ្យមាន​កិច្ចចរចាជាថ្មីម្ដងទៀតរវាង​សហរដ្ឋអាមេរិក និង​កូរ៉េខាងជើង។

លោក មូន ជែអ៊ីន បានជិះយន្ដហោះចាក​ចេញពីមូលដ្ឋានទ័ព​អាកាស សឿងណាម (Seongnam) ក្នុងទីក្រុងសេអ៊ូល​នៅម៉ោង ៨៖៤០នាទី ព្រឹក​មិញនេះ ឆ្ពោះទៅកាន់​ទីក្រុងព្យុងយ៉ាង ដោយនាំទៅ​ជាមួយប្រតិភូ ១១០នាក់។ លោក មូន បានទៅដល់​ទីក្រុងព្យុងយ៉ាង​នៅម៉ោង ១០៖០០នាទីព្រឹក (ម៉ោងនៅក្នុង​ទីក្រុងព្យុងយ៉ាង)។

គួរជម្រាបថា នេះគឺជាជំនួបកំពូល​លើកទី ៣ ហើយរវាងលោក មូន និងលោក គីម បន្ទាប់ពីអ្នកទាំងពីរ​ធ្លាប់ជួបគ្នា ២លើក រួចមក​ហើយកាលពីខែមេសា និងខែឧសភា​ កន្លងទៅ។ មួយវិញទៀត​បើតាមក្រុមមន្ត្រី​កូរ៉េខាងត្បូង ការរំសាយ​អាវុធនុយក្លេអ៊ែរ ការស្វែង​សន្ធិសញ្ញាបញ្ចប់​សង្រ្គាមកូរ៉េ និងការសម្របសម្រួល​ឱ្យមានជំនួបជាថ្មី​រវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន គឺជារបៀបវារៈ​សំខាន់សម្រាប់ជំនួប​កំពូល​អន្តរកូរ៉េលើកទី ៣ នេះ៕