(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡា​លោក នីកូឡាស់ ម៉ាឌូរ៉ូ កំពុងរងការរិះគន់យ៉ាង​ខ្លាំង នៅលើបណ្ដាញ​ទំនាក់ទំនង​សង្គម បន្ទាប់ពីលោក​បានទទួលទាន​សាច់គោ (steak) ដ៏ថ្លៃមួយ នៅឯ​ភោជនីយដ្ឋាន សលត៍ ប៊ែ (Salt Bae) ក្នុងទីក្រុង​អ៊ីស្ដង់ប៊ូល ខណៈប្រជាជនវេណេស៊ុយអេឡា​កំពុងជួបវិបត្តិ​សេដ្ឋកិច្ច និងពិបាកក្នុង​ការរកទទួលទាន​ប្រចាំថ្ងៃ។ នេះបើតាមការចេញ​ផ្សាយដោយ ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែកញ្ញា ឆ្នាំ២០១៨។

ការរិះគន់ និងការខឹងសម្បារ​បានផ្ទុះឡើងក្រោយចុងភៅតួកគី​ដ៏ល្បីម្នាក់ គឺលោក នូស្រេត ហ្គុកសេ (Nusret Gokce) ដែលជាម្ចាស់ភោជនីយដ្ឋាន Salt Bae បានបង្ហោះវីដេអូមួយនៅលើ Instagram និង Twitter ដោយបង្ហាញថាលោក ម៉ាឌូរ៉ូ និងភរិយាគឺលោក​ស្រី ស៊ីលៀ (Cilia) កំពុង​ទទួលទានអាហារ​ក្នុងអំឡុងពេល​ឈប់​សំចត​​នៅទីក្រុង​អ៊ីស្ដង់ប៊ូល ប្រទេសតួកគី​បន្ទាប់ពីបំពេញទស្សនកិច្ច​នៅប្រទេស​ចិន។

ក៏ប៉ុន្តែ​គ្រាន់តែវីដេអូនេះ​ត្រូវបានបង្ហោះភ្លាម អ្នកលេងបណ្ដាញ​ទំនាក់ទំនងសង្គម និងអ្នកនយោបាយ​ប្រឆាំងនៅក្នុង​ប្រទេសវេណេស៊ុយអេឡា ​ដូចជាលោក ជូលីអូ ប័រហ្គែស (Julio Borges) បានរិះគន់​លើលោក ម៉ាឌូរ៉ូ យ៉ាងខ្លាំងដោយ​ចោទថា ប្រធានាធិបតីរូបនេះកំពុង​សម្ញែងភាពហ៊ឺហា ក្នុងបរិបទដែល​ប្រជាជនវេណេស៊ុយអេឡា​ជាង ០២លាននាក់ ត្រូវបានគេ​រាយការណ៍ថា បានរត់ចេញទៅកាន់​ប្រទេស​ក្បែរខាង ដើម្បីគេចពីភាពអត់ឃ្លាន និងវិបត្តិសេដ្ឋកិច្ច​នៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះ។

លោក Julio Borges បានលើកឡើងដូច្នេះថា «ខណៈប្រជាជនវេណេស៊ុយអេឡា កំពុងឈឺចាប់ និងស្លាប់ដោយសារភាពអត់ឃ្លាន លោក នីកូឡាស់ ម៉ាឌូរ៉ូ និងភារិយា Cilia បែរជារីករាយនឹងការទទួលទានអាហារថ្លៃកប់ពពក នៅក្នុងភោជនីយដ្ឋានលំដាប់ ពិភពលោកទៅវិញ ដោយចាយលុយដែលលួចពីប្រជាជនវេណេស៊ុយអេឡា»។

គួរបញ្ជាក់ថា បើតាមការសិក្សាស្រាវជា្រវ​មួយ​ ដោយសាកលវិទ្យាល័យ​ក្នុងប្រទេស​វេណេស៊ុយអេឡា ចេញផ្សាយកាល​ពីខែកុម្ភៈ​កន្លងទៅ ប្រជាជនវេណេស៊ុយអេឡា ០២ ភាគ ០៣ ស្រក់ទម្ងន់អស់ ១១គីឡូក្រាម កាលពីឆ្នាំ២០១៧ ហើយជាង ៨៧ភាគរយ រស់នៅក្រោមភាពក្រីក្រ៕