(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក កំពុងត្រៀមដំឡើងពន្ធថ្មីមួយមានតម្លៃជាង ២០០ពាន់លានដុល្លារលើផលិតផលនាំចូលពីចិន ខណៈជម្លោះពាណិជ្ជកម្មកាន់តែសភាពធ្ងន់ធ្ងរ ជាមួយការគំរាមដំឡើងពន្ធបន្ថែមរហូតដល់២៦៧ពាន់លានដុល្លារពីសំណាក់លោក ដូណាល់ ត្រាំ នៅពេលអនាគត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី១៨ ខែកញ្ញា ឆ្នាំ២០១៨។

ការដំឡើងពន្ធថ្មីនេះនឹងត្រូវអនុវត្តលើផលិតផលចិនជាង៦,០០០មុខ ហើយវានឹងក្លាយជាការដំឡើងពន្ធដ៏ធំបំផុតមួយរបស់
សហរដ្ឋអាមេរិកក្នុងពេលបច្ចុប្បន្ន។ ម្យ៉ាងវិញទៀត នៅក្នុងចំណោមផលិតផលទាំងនេះមានដូចជា កាបូបយួរដៃ ស្រូវ និងវាយនភណ្ឌ​ជាដើម រីឯនាឡិកាដៃឆ្លាតវៃ ឬ (smart watches) ត្រូវបានដកចេញ។ តែយ៉ាងណាក៏ដោយ ទីក្រុងប៉េកាំងបាន ព្រមានរួចហើយថានឹងចាត់វិធានការឆ្លើយតបប្រឆាំងនឹងការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក។

សូមជម្រាបថា គំរោងដំឡើងពន្ធខាងលើរបស់សហរដ្ឋអាមេរិក នឹងត្រូវចូលជាធរមាននៅថ្ងៃទី២៤ ខែកញ្ញានេះ ដោយចាប់ផ្ដើម ពីការអនុវត្តពន្ធ១០ភាគរយ និងបង្កើនរហូត២៥ភាគរយចាប់ពីដើមឆ្នាំក្រោយតទៅ រហូតទាល់តែប្រទេសពីរអាចព្រមព្រៀងគ្នាលើ កិច្ចព្រមព្រៀងផ្សះផ្សាជម្លោះពាណិជ្ជកម្មនេះ៕