(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានធ្វើដំណើរទៅដល់ទីក្រុងព្យុងយ៉ាងហើយ នៅព្រឹកថ្ងៃអង្គារនេះ ដើម្បី ចូលរួមក្នុងជំនួបកំពូលជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងគោលបំណងសម្របសម្រួលឱ្យមានកិច្ចចរចាជាថ្មីម្ដង ទៀតរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃអង្គារ ទី១៨ ខែកញ្ញា ឆ្នាំ២០១៨។

លោក មូន ជែអ៊ីន បានជិះយន្ដហោះចាកចេញពីមូលដ្ឋានទ័ពអាកាស Seongnam ក្នុងទីក្រុងសេអ៊ូល នៅម៉ោង៨៖៤០នាទី ព្រឹក មិញនេះ ឆ្ពោះទៅកាន់ទីក្រុងព្យុងយ៉ាង ដោយនាំទៅជាមួយប្រតិភូ១១០នាក់។ លោក មូន បានទៅដល់ទីក្រុងព្យុងយ៉ាង នៅម៉ោង ១០ព្រឹក (ម៉ោងនៅក្នុងទីក្រុងព្យុងយ៉ាង)។

គួរបញ្ជាក់ថា នេះគឺជាជំនួបកំពូលលើកទី០៣ហើយរវាងលោក មូន និងលោក គីម បន្ទាប់ពីអ្នកទាំងពីរធ្លាប់ជួបគ្នា០២លើករួចមក ហើយកាលពីខែមេសា និងខែឧសភាកន្លងទៅ។ មួយវិញទៀត បើតាមក្រុមមន្ត្រីកូរ៉េខាងត្បូង ការរំសាយអាវុធនុយក្លេអ៊ែរ ការស្វែង សន្ធិសញ្ញាបញ្ចប់សង្រ្គាមកូរ៉េ និងការសម្របសម្រួលឱ្យមានជំនួបជាថ្មីរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន គឺជារបៀប វារៈសំខាន់សម្រាប់ជំនួបកំពូលអន្តរកូរ៉េលើកទី០៣នេះ៕