(សេអ៊ូល)៖ ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូន ជែអ៊ីន និងមេដឹកនាំកំពូល​កូរ៉េខាងជើង​លោក គីម ជុងអ៊ុន ត្រូវជួបគ្នា​ជាថ្មីម្ដង ទៀតក្នុងកិច្ចប្រជុំកំពូល​អន្តរកូរ៉េលើកទី ៣ ដែលគ្រោងនឹង​ធ្វើឡើងរយៈពេល ០៣ថ្ងៃ ក្នុងទីក្រុងព្យុង​យ៉ាង ដោយចាប់ផ្ដើមពីថ្ងៃអង្គារ​ស្អែកនេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១៧ ខែកញ្ញា ឆ្នាំ២០១៨។​

ជាមួយគ្នានោះដែរ បើតាមអ្នកនាំពាក្យ​វិមានប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន​ ជែអ៊ីន នឹងធ្វើដំណើរ​តាមជើងយន្ដហោះ​ដោយ​ផ្ទាល់ ឆ្លងកាត់ព្រំដែន​អន្តរកូរ៉េ ហើយលោក មូន ត្រូវបាន​គេរំពឹងថា នឹងទៅដល់ទីក្រុងព្យុងយ៉ាង​នៅម៉ោង ១០៖០០នាទីព្រឹក​ថ្ងៃអង្គារស្អែកនេះ (ម៉ោងនៅ​ក្នុងតំបន់)។ អ្នកនាំពាក្យ​ដដែល បញ្ជាក់ទៀតថា ការចរចាស្ដីពីការ​រំសាយអាវុធនុយក្លេអ៊ែរ​នៅលើឧបទ្វីប​កូរ៉េ និងការស្វែងរក​សន្ធិសញ្ញាបញ្ចប់​សង្រ្គាមកូរ៉េ នឹងក្លាយជា​របៀបវារៈសំខាន់​ សម្រាប់មេដឹកនាំ​ទាំងពីរលើកមកពិភាក្សា។

គួរជម្រាបថា លោក មូន និង​លោក គីម ធ្លាប់ជួបគ្នាពីរដងរួចមក​ហើយគឺ កាលពីថ្ងៃទី២៧ ខែមេសា និងថ្ងៃទី២៦ ខែឧសភា​កន្លងទៅ មិនតែប៉ុណ្ណោះ​លោក មូន នឹងក្លាយប្រធានាធិបតី​កូរ៉េខាងត្បូង​ដំបូងគេ ដែលយកជើងជាន់​ទីក្រុងព្យុងយ៉ាង ក្នុងរយៈពេល​ជាង ១០ឆ្នាំ មកនេះ៕