(អង់ការ៉ា)៖ ទីបំផុតកងទ័ព និងសព្វាវុធតួកគី​ក្នុងទ្រង់ទ្រាយធំ ត្រូវបានដាក់ពង្រាយ​ជាស្រេច​ក្នុងតំបន់យុទ្ធសាស្ត្រ​របស់ខ្លួន នៅខេត្តអ៊ីដលីប (Idlib) របស់ប្រទេស​ស៊ីរី​ ខណៈដែល​សង្គ្រាមទ្រង់ទ្រាយធំ​ត្រូវបានគេព្យាករណ៍​ថា អាចនឹងផ្ទុះឡើង​នៅក្នុងពេលឆាប់ៗ។ នេះបើតាមការចេញផ្សាយ​ដោយ Sputnik នាព្រឹក​ថ្ងៃអាទិត្យ ទី១៦ ខែកញ្ញា ឆ្នាំ២០១៦។

ខេត្ត Idlib បច្ចុប្បន្ននេះកំពុងតែ​ស្ថិតនៅក្នុងគោលដៅវាយប្រហារ​ចុងក្រោយ ពីសំណាក់​រដ្ឋាភិបាល​ស៊ីរី ដើម្បីក្រសោបយកតំបន់ដ៏រឹងមាំ​បំផុតចុងក្រោយ នៃក្រុមឧទ្ទាមប្រឆាំង​រដ្ឋាភិបាលជា​ង ៧ឆ្នាំមកនេះ ត្រឡប់មកគ្រប់គ្រង​ដោយទីក្រុងដាម៉ាស់វិញ។ ក្រុមឧទ្ទាមស៊ីរី​ត្រូវបាន​គេដឹងថា ទទួលការគាំពារ និងបំពាក់បំប៉នដោយសហរដ្ឋអាមេរិក ហើយកន្លងមកនេះ អគ្គលេខាធិការ UN ក៏ធ្លាប់បានអំពាវនាវ​កុំឲ្យបង្កសង្គ្រាមទ្រង់ទ្រាយ​ធំ នៅក្នុងខេត្តនេះផងដែរ ព្រោះវានឹងបណ្តាលឲ្យជនស្លូតត្រង់ជាច្រើន​បាត់បង់ជីវិត ព្រមទាំងបង្កជាវិនាសកម្ម​ធំធេងបំផុត។

គួរបញ្ជាក់ផងដែរថា សម្រាប់រដ្ឋាភិបាលតួកគី ក៏បានបង្ហាញជំហរ​មិនខុសអំពី UN នោះដែរ ដោយខ្លួន​អះអាងថា ការបញ្ជូនទ័ព និងសព្វាវុធយ៉ាង​ច្រើនមកខេត្ត Idlib ពេលនេះ គឺដើម្បីត្រៀម​ការពារជនស៊ីវិលស៊ីរី ដែលនឹងរងគ្រោះដោយ​សារសង្គ្រាម។ តួកគីអះអាងថា ខ្លួនកំពុងតែធ្វើការងារ​ជាមួយរុស្ស៊ី អ៊ីរ៉ង់ និងសម្ព័ន្ធមិត្ត​ដទៃៗទៀត ដើម្បីបញ្ឈប់​សោកនាដកម្ម​មនុស្សជាតិ នៅក្នុងទឹកដី​ស៊ីរី៕