(ម៉ូស្គូ)៖ នាវាដឹកយន្តហោះចម្បាំង​របស់ចិនទីពីរ និងជាផលិតផលដំបូង​ផលិតដោយដៃ​ចិន​នោះ នឹងត្រូវដាក់ឲ្យដំណើរការ​នៅពេលប៉ុន្មានខែខាងមុខនេះ​ហើយ ជាមួយនឹងនាវាចម្បាំង​ដែលមាន​ស្រាប់នោះគឺ Liaoning ប៉ុន្តែប្រឈមមួយដ៏គួរ​ឲ្យចាប់អារម្មណ៍នោះ គឺកងទ័ព​ចិន​មិនទាន់មាន​យន្តហោះចម្បាំង​គ្រប់គ្រាន់ ដើម្បីដាក់ពង្រាយ​នៅលើនាវានោះ​ឡើយ។ នេះបើតាម​ការចេញផ្សាយ​ដោយ Sputnik នាព្រឹក​ថ្ងៃអាទិត្យ ទី១៦ ខែកញ្ញា ឆ្នាំ២០១៨។

នាវាដឹកយន្តហោះ​ចម្បាំងទី ២ គឺត្រូវបានគេស្គាល់​ឈ្មោះថា 001A (មិនទាន់ផ្លូវការ) នឹងត្រូវដាក់ឲ្យ​ដំណើរការជាមួយ​នឹងនាវា Liaoning ដែលអាចផ្ទុកយន្តហោះ​ចម្បាំង​រហូតដល់ទៅ ៤០គ្រឿង ហើយយន្តហោះចម្បាំងដែលសាកសម នៅក្នុងការធ្វើ​ប្រតិបត្តិការ​នៅលើនាវា​ទាំងពីរគ្រឿងនេះ គឺត្រូវតែជាប្រភេទយន្តហោះ​ដែលងាយស្រួលបត់បែន​ផ្នែកកន្ទុយ (ការទប់ល្បឿន​ពេលចុះចតវិញ​នៅលើនាវា)។

បច្ចុប្បន្ននេះ​នាវាផ្ទុកយន្តហោះចម្បាំងចិន Liaoning មានផ្ទុកយន្តហោះ​ចម្បាំងប្រកប​ដោយសមត្ថភាព​គ្រប់គ្រាន់ប្រភេទ J-15 របស់ខ្លួនតែម្តង ២៦គ្រឿងប៉ុណ្ណោះ ខណៈដែល​នាវា 001A ដែលនឹងចេញល្បាត​លើកដំបូងនៅប៉ុន្មានខែ​ខាងមុខនេះ គឺនៅមិនទាន់​ដឹងថា តើកងទ័ព​រំដោះ​ប្រជាជនចិន (PLA) នឹងប្រើប្រាស់វិធីសាស្ត្រ ឬមួយក៏ការដោះស្រាយ​ចំនួនយន្តហោះ​យ៉ាងណា ដើម្បីពង្រាយឲ្យ​បានសមភ្នែក នៅលើនាវាដ៏ថ្មី​សន្លាងនេះ​ឡើយ។

បើតាមការ​បញ្ជាក់ពី PLA បច្ចុប្បន្នចិនមាន​យន្តហោះប្រភេទ J-15s រហូតដល់​ទៅ ៤០គ្រឿង ដើម្បីបំពេញការដាក់​ពង្រាយ ប៉ុន្តែវានៅតែមិន​គ្រប់ដដែល។ គួរបញ្ជាក់ថា បើតាម​ព័ត៌មាន​កន្លងទៅនេះ វិស្វកម្មផលិតសព្វាវុធចិន​កំពុងតែបង្កើតល្បឿននៅក្នុងការផលិត​​យន្តហោះថ្មីៗ បន្ថែម ដើម្បីឲ្យសាកសម​ទៅនឹងនាវាដឹកយន្តហោះចម្បាំង​ទាំងពីររបស់ខ្លួន ដែលអាចនឹង​សម្រេចបាន​យ៉ាងហោចនៅចុងឆ្នាំ២០១៨ ឬក៏អាចទាន់ដាក់​សម្ពោធនាវាផ្ទុកយន្តហោះ​ចម្បាំងទីពីរ​របស់ខ្លួនផង​ក៏ថា​បានដែរ៕