(ម៉ានីល)៖ ព្យុះទីហ្វុង មាំងឃុត (Mangkhut) បានវាយប្រហារតំបន់ឆ្នេរភាគខាងជើង​ប្រទេសហ្វីលីពីន​ហើយ នៅថ្ងៃសៅរ​នេះ ដោយបណ្ដាល​ឱ្យមានភ្លៀង​ធ្លាក់ខ្លាំង ព្រមទាំងបង្កឱ្យ​ចរន្តអគ្គិសនី និងប្រព័ន្ធទំនាក់ទំនង​មួយចំនួន​ត្រូវបានកាត់ផ្ដាច់​ផងដែរ។ នេះបើតាម​ទីភ្នាក់ងារ សារព័ត៌មាន Reuters នៅរសៀលថ្ងៃសៅរ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៨។

ជាមួយគ្នា​នោះដែរ អាជ្ញាធរ​ហ្វីលីពីនបានជម្លៀស​ប្រជាជនរាប់ពាន់នាក់​រស់នៅតាម​បណ្ដោយឆ្នេរ ទៅរកកន្លែង​មាន​សុវត្ថិភាព។ ប៉ុន្តែភ្លាមៗមិនទាន់មាន​សេចក្ដីរាយការណ៍​ពីការបំផ្លិចបំផ្លាញ ឬជនរងគ្រោះ​នៅ​ឡើយទេ។ ព្យុះ​ទីហ្វុង Mangkhut ដែលបក់​បោក ក្នុងល្បឿនខ្យល់​អតិបរមា ២៥៥គីឡូម៉ែត្រ​ក្នុងមួយម៉ោង បានមកដល់តំបន់​ឆ្នេរភាគខាងជើង​នៃកោះ Luzon ប្រទេស​ហ្វីលីពីន​នៅថ្ងៃសៅរ៍នេះ ហើយវានឹងក្លាយ​ជាព្យុះដ៏មានឥទ្ធិពល​ទី ១៥ ដែលបាន​វាយប្រហារលើ​ប្រទេសហ្វីលីពីន នៅក្នុងឆ្នាំ២០១៨នេះ។

គួរជម្រាបថា បើតាមអាជ្ញាធរឧតុ​និយមហ្វីលីពីន ព្យុះទីហ្វុង Mangkhut អាចនឹង​ធ្វើដំណើរបន្តឆ្ពោះ​ទៅកាន់តំបន់​សមុទ្រចិន​ខាងត្បូង និង​ប្រទេស​វៀតណាម៕