(មូស្គូ)៖ ក្រសួង​ការពារជាតិរុស្ស៊ី​បានបញ្ចេញវីដេអូ​ ធ្វើតេស្ដបាញ់​សាកល្បង​ ប្រព័ន្ធមីស៊ីល​ការពារដែន​អាកាស S-300 យ៉ាងកក្រើក​នៅក្នុងការធ្វើសមយុទ្ធ​យោធាទ្រង់ទ្រាយ​ធំ Vostok 2018 ដែលត្រូវបាន​ក្រុមអ្នកជំនាញខ្លះ​ចាត់ទុកថា ជាការធ្វើ​សមយុទ្ធយោធា ទ្រង់ទ្រាយធំបំផុត​មិនធ្លាប់​មាន គិតចាប់តាំងពី​សម័យសង្រ្គាម​មក។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Russian Today នៅព្រឹក​ថ្ងៃសៅរ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៨។

យោងតាមវីដេអូ​របស់ក្រសួងការពារជាតិ​រុស្ស៊ី ប្រព័ន្ធមីស៊ីលការពារ​ដែនអាកាស S-300 បានបាញ់​មីស៊ីល Buk-M1 រាប់សិបគ្រាប់​ទៅកាន់គោល​ដៅ ដែលបានកំណត់​នៅអំឡុង​សមយុទ្ធយោធា Vostok 2018 ដែលនឹង​ត្រូវបញ្ចប់​នៅថ្ងៃទី១៧ ខែកញ្ញានេះ។ ដោយឡែក ក្រៅតែការធ្វើ​តេស្ដប្រព័ន្ធមីស៊ីល​នេះ កងទ័ពរុស្ស៊ី​ក៏បានធ្វើការសាកល្បង​លើយន្ដហោះចម្បាំង នាវាចម្បាំង ព្រមទាំង​ ឧទ្ធម្ភាគចក្រ Mi-17 និងប្រព័ន្ធ​មីស៊ីល Iskander ផងដែរ។

គួរបញ្ជាក់ថា កងទ័ព​រុស្ស៊ី ៣០០,០០០នាក់ បានចាប់ផ្ដើមធ្វើ​សមយុទ្ធយោធា Vostok 2018 តាំងតែថ្ងៃអង្គារនេះ​មកម្ល៉េះ នៅឯភាគខាងកើត​នៃតំបន់ស៊ីបេរី (ភាគខាងត្បូង)។ វាគឺជាសមយុទ្ធយោធា​ទ្រង់ទ្រាយធំបំផុត​ គិតចាប់តាំងពីសម័យ​សង្រ្គាមត្រជាក់​មក និងត្រូវបាន​ធ្វើឡើងចំពេល​ទីក្រុងម៉ូស្គូ និងអង្គការណាតូ​របស់សហរដ្ឋអាមេរិក​ កំពុងមាន​ភាពតាន​តឹងគ្នា។

សមយុទ្ធយោធា​ឈ្មោះ Vostok-2018 នេះក៏មានការចូលរួម​ពីសំណាក់កងទ័ពចិន ៣,២០០នាក់ ព្រមទាំងកងទ័ព​មកពីប្រទេស​ម៉ុងហ្គោលីមួយចំនួនផងដែរ ហើយក្រៅតែ​ចំនួនកងទ័ពនោះ រថក្រោះ ៣៦,០០០គ្រឿង និងយន្ដហោះ​ចម្បាំង​ច្រើន​ជាង ១,០០០គ្រឿង សុទ្ធតែត្រូវដាក់ឲ្យចូលរួម​ក្នុងសមយុទ្ធយោធា ដ៏សម្បើមនេះ​ចាប់​ពីថ្ងៃទី១១ រហូតដល់​ថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០១៨។

ទោះបីវាជាការធ្វើសមយុទ្ធទ្រង់ទ្រាយធំមួយក្តី ប៉ូន្តែអ្វីដែលគួរឱ្យកត់សម្គាល់​នោះគឺ ក្រុមអ្នកជំនាញមួយចំនួន​មើលឃើញថា ការធ្វើសមយុទ្ធយោធា​របស់ទីក្រុងម៉ូស្គូ នៅពេលនេះ​គឺជាការ ហ្វឹកហាត់ត្រៀមខ្លួន​សម្រាប់ជម្លោះ ឬសង្គ្រាមដែលអាច​កើតមាននៅ​ក្នុងសតវត្សរ៍ទី២១​នេះ ខណៈរុស្ស៊ីកំពុងមាន​ភាពតានតឹងជាមួយ​អង្គការណាតូ។ បន្ថែមពីនេះវាក៏ជាការទាក់ទាញឲ្យប្រទេសជាច្រើន ចាប់អារម្មណ៍​ជាមួយឥទ្ធិពលនៃសព្វារុស្ស៊ី ដែលជាមហាអំណាចយោធាលេខ ២ លើលោកនេះផងដែរ៕