(បាងកក)៖ នាយកដ្ឋាន​​ឧតុនិយមរបស់ប្រទេស​ថៃ​បានឲ្យដឹងថា ព្យុះត្រូពិកចំនួនពីរ​កំពុងតែសំដៅ​​មកវាយប្រហារប្រទេសថៃ​​នៅក្នុងថ្ងៃសុក្រនេះ ហើយឥទ្ធិពល​របស់វានឹង​អូសបន្លាយដល់​សប្តាហ៍ក្រោយ ដែលអាជ្ញាធរថៃ​បានចេញសេចក្តី​ព្រមានថា វានឹងបង្កជាភ្លៀង​ធ្លាក់ខ្លាំង ព្រមទាំងគ្រោះ​ទឹកជំនន់​ផងដែរ។ នេះបើ​តាមការចេញ​ផ្សាយដោយ​ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹក​ថ្ងៃសុក្រ ទី១៤ ខែកញ្ញា ឆ្នាំ២០១៨។

ព្យុះត្រូពិកទីមួយ​មានឈ្មោះថា បារីចាត (Barijat) ត្រូវបាន​គេរំពឹងថា នឹងបង្កជាភ្លៀង​ធ្លាក់យ៉ាងគំហុក​នៅប្រទេសថៃ​ ចាប់ពីថ្ងៃសុក្រនេះតទៅ។ លោក សេរី ស៊ូប្រាធីត (Seree Supratid) នាយកនៃមជ្ឈមណ្ឌល​គ្រប់គ្រងគ្រោះ​មហន្តរាយ និងការផ្លាស់ប្តូរ​អាកាសធាតុ​នៃសាកលវិទ្យាល័យ​រាំងស៊ីត (Rangsit) បានបញ្ជាក់ថា «បារីចាតគឺ​មានដំណើរស្រប​ជាមួយនឹងព្យុះត្រូពិក​មួយទៀតឈ្មោះ បេប៊ីនកា ប៉ុន្តែវាស្ថិត​នៅក្នុង​កម្រិតខ្សោយ​ជាងប៉ុណ្ណោះ...។ យើង​រំពឹងថា ភ្លៀងនឹងធ្លាក់មកយ៉ាងច្រើន»

គួរបញ្ជាក់ថា ខ្យល់ព្យុះត្រូពិក​ទាំងពីរខាងលើនេះ ត្រូវបានផ្នែកព្យាករណ៍​អាកាសធាតុ​ជាតិរបស់ថៃអះអាងថា នឹងបង្កជាភ្លៀង​ធ្លាក់ច្រើនទៅលើ​ផ្ទៃដីយ៉ាងហោចណាស់ ៧០% នៅទូទាំងប្រទេសថៃ​​​ចាប់ពីថ្ងៃសុក្រនេះ រហូតដល់ថ្ងៃអង្គារ​សប្តាហ៍ក្រោយ។ អ្វីដែលគួរឲ្យ​ព្រួយបារម្ភពេល​នេះ គឺគ្រោះទឹក​ជំនន់ និងលំហូរល្បាប់ភក់៕