(ម៉ានីល)៖ ប្រជាជនហ្វីលីពីនរាប់ពាន់នាក់រស់នៅតាមបណ្ដោយឆ្នេរ ត្រូវបានអាជ្ញាធរចាប់ផ្ដើមជម្លៀសទៅរកកន្លែងមានសុវត្ថិភាព ជាបណ្ដើរៗហើយ ខណៈព្យុះទីហ្វុង Mangkhut កំពុងបក់បោកឆ្ពោះតម្រង់មកកាន់ហ្វីលីពីន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០១៨។

ព្យុះទីហ្វុង Mangkhut ដែលបក់បោកក្នុងល្បឿនខ្យល់២៥៥គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវបានគេរំពឹងថានឹងមកដល់តំបន់ឆ្នេរ ភាគខាងជើងនៃកោះ Luzon ប្រទេសហ្វីលីពីន នៅថ្ងៃសៅរ៍សប្ដាហ៍នេះ។ ដោយឡែក ដើម្បីបញ្ជៀសគ្រោះថ្នាក់ អាជ្ញាធរហ្វីលីពីន នៅថ្ងៃព្រហស្បតិ៍នេះដែរ បានសម្រេចចិត្តជម្លៀសមនុស្សរាប់ពាន់នាក់ រីឯសាលារៀន និងកន្លែងធ្វើការជាច្រើនបានចាប់ផ្ដើម បិទទ្វារក្រោយអាជ្ញាធរចេញសេចក្ដីព្រមានឱ្យប្រជាជនមានការប្រុងប្រយ័ត្នខ្ពស់។

សូមជម្រាបថា ព្យុះទីហ្វុង Mangkhut នឹងក្លាយជាព្យុះដ៏មានឥទ្ធិពលទី១៥ ដែលបានវាយប្រហារលើប្រទេសហ្វីលីពីន នៅក្នុង ឆ្នាំ២០១៨នេះ៕