(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក​លោក ដូណាល់ ត្រាំ បានអញ្ជើញ​​ក្រុមមន្ត្រីចិនឱ្យចូលរួម​ ក្នុងកិច្ចចរចា​ពាណិជ្ជកម្ម​សាជាថ្មី ខណៈទីក្រុងវ៉ាស៊ីនតោនកំពុង​ត្រៀមដំឡើងលើការនាំចូលផលិតផលពីចិន​មានតម្លៃ ២០០ពាន់​លានដុល្លារ។ នេះ​បើតាម​មន្ត្រីជាន់ខ្ពស់សេតវិមាន​ម្នាក់ ដកស្រង់​ដោយទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅ​ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០១៨។

លោក ឡារី គូដឡូវ (Larry Kudlow) ដែលជាទីប្រឹក្សាជាន់ខ្ពស់​ផ្នែកសេដ្ឋកិច្ច​ នៃសេតវិមាន​បានប្រាប់ ​Fox Business Network នៅថ្ងៃពុធ​សប្ដាហ៍នេះ​ថា រដ្ឋមន្ត្រីរតនាគារជាតិ​អាមេរិក លោក ស្ទេវិន ម៉ានូជីន (Steven Mnuchin) បានផ្ញើលិខិត​អញ្ជើញមួយច្បាប់ទៅ​ក្រុមមន្ត្រីជាន់ខ្ពស់ចិន ប៉ុន្តែលោក​បដិសេធ​បញ្ជាក់ ព័ត៌មានលម្អិត។ «វាគឺជា​ការពិភាក្សា និងព័ត៌មាន​ដែលយើងទទួល​បាននោះ​គឺថា រដ្ឋាភិបាលចិន និងមន្ត្រីជាន់​ខ្ពស់មក​ពីរដ្ឋាភិបាលចិន​ មានបំណងចង់បន្ត​កិច្ចចរចា»។ នេះគឺជាការគូស​បញ្ជាក់របស់​លោក Kudlow។

ដោយឡែក​បើតាមប្រភពពីមន្ត្រី​អាមេរិកផ្សេងទៀត លិខិតអញ្ជើញ​របស់លោក Mnuchin ត្រូវបានផ្ញើទៅកាន់​សមភាគីចិនរួចរាល់​ហើយ ក្នុងនោះរួមមាន​លោក លីវ ហេ (Liu He) ជាទីប្រឹក្សាសេដ្ឋកិច្ចជាន់​ខ្ពស់ នៃប្រធានាធិបតីចិន​លោក ស៊ី ជិនពីន ដើម្បីចូលរួមនៅក្នុង​កិច្ចចរចា​ ដែលនឹងត្រូវធ្វើឡើង​នៅប៉ុន្មានសប្ដាហ៍​ខាងមុខនេះ។

តែយ៉ាង​ណា​ក៏ដោយ ការអះអាង​របស់លោក Larry Kudlow ធ្វើឡើងតែមួយ​ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមាន​សេចក្ដីរាយការណ៍​ថា រដ្ឋាភិបាលចិន​បានស្នើសុំការ​អនុញ្ញាត​ ពីអង្គការពាណិជ្ជកម្ម​ពិភពលោក WTO ដើម្បីដាក់ទណ្ឌកម្ម​មានតម្លៃ ០៧ពាន់លានដុល្លារ ប្រឆាំងនឹង​សហរដ្ឋអាមេរិក៕