(ម៉ូស្គូ)៖ អ្នកជំនាញ​វិទ្យាសាស្ត្រនយោបាយ​អ៊ីរ៉ង់ លោក សេយ៉េដ ហាឌី បាហានី (Seyed Hadi Barhani) បាននិយាយថា សហរដ្ឋអាមេរិក​គ្មានផ្លូវ​អាចបង្កើន ឥទ្ធិពលរបស់ខ្លួន​នៅក្នុងប្រទេសស៊ីរី​ទៀតឡើយ។ ការថ្លែងបែបនេះ​លោក Barhani គឺផ្អែកលើកិច្ចប្រជុំ​កំពូល​ត្រីភាគីស្ដីពី​វិបត្តិនៅ​ស៊ីរី រវាង​តួកគី រុស្ស៊ី និងអ៊ីរ៉ង់​កាលពីសប្ដាហ៍មុន។ នេះបើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី១២ ខែកញ្ញា ឆ្នាំ២០១៨។

យោងតាម​លោក Barhani កិច្ចប្រជុំកំពូលត្រីភាគី​រវាងរុស្ស៊ី តួកគី និងអ៊ីរ៉ង់ ក្នុងទីក្រុងតេហេរ៉ង់​គឺជាជ័យជម្នះ​ នៃនយោបាយការទូត​របស់អ៊ីរ៉ង់ ដែលបង្ហាញ​យ៉ាងច្បាស់ថា អ៊ីរ៉ង់នៅតែមាន​ឥទ្ធិពលនៅក្នុង​ប្រទេសស៊ីរី និងនៅក្នុង​តំបន់ទាំងមូល​ទាំងខាងនយោបាយ និងសេដ្ឋកិច្ច។

លោក Barhani បន្ថែមទៀតថា សហរដ្ឋអាមេរិក​បានព្យាយាម​បញ្ឈប់ជ័យជម្នះ​ របស់រដ្ឋាភិបាល​ស៊ីរី និងការវាយ​កម្ចាត់​ពួកភេរវករ ប៉ុន្តែការប៉ុនប៉ង​ទាំងនេះ​បានបរាជ័យ ស្របពេលកង​កម្លាំងរដ្ឋាភិបាល​ស៊ីរី កំពុងគ្រប់គ្រង​ទឹកដីស្ទើរតែទាំងស្រុង។ ទាំងនេះ ហើយបានបញ្ជាក់យ៉ាងច្បាស់ថា ឥទ្ធិពលរបស់​សហរដ្ឋអាមេរិក​នៅ​ស៊ីរី និងនៅក្នុង​តំបន់ទាំងមូល​ ត្រូវបានកាត់​បន្ថយអស់​មួយភាគធំ។

គួរបញ្ជាក់ថា បើតាម​លោក Seyed Hadi Barhani សហរដ្ឋអាមេរិក​អាចនឹងប្រើប្រាស់​ការចោទប្រកាន់​ថា រដ្ឋាភិបាល​ស៊ីរី​ប្រើប្រាស់ អាវុធគីមប្រឆាំង​នឹងជនស៊ីវិល​ ជាលេស​ដើម្បីរារាំងជ័យជម្នះ​របស់ប្រធានាធិបតី​ស៊ីរី លោក បាស្សា អាល់ អាសាដ៕