(ញូយ៉ក)៖ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គួទែរែស (Antonio Guterres) បានអំពាវនាវឱ្យ​បណ្ដាប្រទេសជាភាគី​ជម្លោះទាំងអស់ ធ្វើយ៉ាងណាទប់​ស្កាត់ឱ្យកុំឱ្យការវាយប្រយុទ្ធគ្នា​ទ្រង់ទ្រាយធំ កើតឡើងនៅ​ក្នុងខេត្ត អ៊ីដលីព (Idlib)​ ដែលជាមូលដ្ឋានរឹងមាំចុងក្រោយ ​របស់ក្រុមឧទ្ទាមស៊ីរី​គ្រាំទ្រដោយសហរដ្ឋមេរិក​នៅក្នុងប្រទេស​ស៊ីរី។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១២ ខែកញ្ញា ឆ្នាំ២០១៨។

ថ្លែងនៅក្នុងសន្នីសីទ​សារព័ត៌មានមួយនៅ​ឯទីស្នាក់ការ UN ក្នុងទីក្រុង​ញូយ៉ក នៅថ្ងៃអង្គារ​សប្ដាហ៍នេះ (ម៉ោងនៅ​អាមេរិក) លោក Guterres ក៏បានព្រមាន​ផងដែរថា ជម្លោះនៅ​ក្នុងខេត្ត Idlib អាចនឹងបង្ក​ជាគ្រោះមហន្តរាយ​មនុស្សជាតិ​ ដ៏អាក្រក់បំផុតប្រចាំសតវត្សរ៍ទី ២១ នេះ។ លោក​អគ្គលេខាធិការ UN បានបន្ថែម​ដូច្នេះថា «ខណៈពេលនេះ​គឺជាពេលចំាបាច់បំផុត​ឱ្យយើងទាំង​អស់គ្នា ត្រូវតែចូលរួម​ទប់ស្កាត់កុំឱ្យខេត្ត Idlib ក្លាយជាថ្លុកឈាម​នៃភ្លើងសង្រ្គាម តាមរយៈការស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី ដើម្បី​ដោះស្រាយ​ជម្លោះ»

គួរជម្រាបថា កាលពី​ថ្ងៃអង្គារក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ក៏បានបើកកិច្ចប្រជុំ​បន្ទាន់មួយ ស្ដីពីស្ថានភាព​បច្ចុប្បន្ន​នៅ​ក្នុងខេត្ត Idlib នេះដែរ នៅក្នុងបរិបទ​ដែលកងកម្លាំង​រដ្ឋាភិបាលស៊ីរី​មានរុស្ស៊ីនៅ​ពីក្រោយ ត្រូវបាន​គេរាយការណ៍​កំពុងត្រៀម​បើក ការវាយលុក​ដណ្ដើមយកខេត្ត​មួយនេះក្រុមឧទ្ទាម​ស៊ីរី​មកវិញ។ ប៉ុន្តែ​សហរដ្ឋអាមេរិក បារាំង និងអង់គ្លេស​បានព្រមាន​ជាច្រើន
លើកថា​នឹងមិនឈរឱបដៃមើលឡើយ បើសិនជា​កងកម្លាំងរដ្ឋាភិបាល​ស៊ីរី ប្រើប្រាស់អាវុធគីមី​ជាថ្មី នៅក្នុង​ប្រតិបត្តិការយោធា​របស់​ខ្លួន៕