(សេអ៊ូល)៖ កម្រិតប្រជាប្រិយភាព​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានធ្លាក់ថុះក្រោម ៥០ភាគរយ ជាលើកដំបូង​គិត​ចាប់តាំងតែ​ពីលោកបានឡើង​កាន់អំណាច កាលពីខែឧសភា​ឆ្នាំទៅមិញ។ នេះបើតាម​លទ្ធផល​នៃការស្ទង់មតិ​ប្រចាំសប្តាហ៍​មួយ ដក​ស្រង់ខ្លឹមសារ​ដោយទីភ្នាកងារ​ព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃសុក្រ ទី០៧ ខែកញ្ញា ឆ្នាំ២០១៨។

បើតាមការស្ទង់មតិ​របស់ក្រុមហ៊ុន Gallup Korea កម្រិតនៃការ​គាំទ្រ​​ចំពោះ​លោក មូន បានថយមកត្រឹម ៤៩ភាគរយ នៅសប្តាហ៍នេះ​ដែល​ជាកម្រិ​ក្រោម ៥០ភាគរយលើកដំបូង។ លទ្ធផល​ស្ទាបស្ទង់នេះ មានការចូលរួមពី​ប្រជាជនកូរ៉េខាងត្បូងចំនួន ១,០០០នាក់ ​ពី​ថ្ងៃអង្គារដល់​ថ្ងៃព្រហស្បតិ៍​សប្តាហ៍នេះ។

គួរជម្រាបថា ក្នុងការស្ទង់មតិនេះ ក្រុមអ្នកដែលគាំទ្រ​លោក មូន ដែលសម្តែងការ​យល់ឃើញវិជ្ជមាន ចំពោះ​​​​គោលនយោបាយ​​របស់​លោក​ប្រធានាធិបតី ជុំវិញបញ្ហា​កូរ៉េខាងជើង រួមជាមួយកិច្ចប្រឹងប្រែង​របស់លោក ក្នុងការពង្រីកកម្មវិធី​​សុខុមាលភាព​សង្គម ខណៈ​ក្រុមអ្នក​អភិរក្សនិយម បានបែរខ្នងដាក់​លោក មូន ដោយសារការរិះគន់ពី​បណ្តាញសារព័ត៌មាន ជុំវិញគោលនយោបាយ​សេដ្ឋកិច្ច​​របស់​លោក ដែលមានគោលដៅ​ជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការបង្កើន​ចំណូលក្នុង​គ្រួសារ៕