​(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បានចែករំលែក​ការយល់ឃើញ​របស់លោ​ក លើការធ្វើ​ពាណិជ្ជកម្ម​ពិភពលោក ជាពិសេស​គឺសម្លឹង​មើលទៅ​លើ​ជប៉ុន​​ដោយនិយាយថា​ ទំនាក់ទំនងដ៏រឹងមាំ​របស់ទីក្រុង វ៉ាស៊ីនតោន​ជាមួយទីក្រុងតូក្យូ​ អាចនឹងត្រូវ​បញ្ចប់។ នេះបើតាម​ប្រព័ន្ធផ្សព្វផ្សាយ​នៅក្នុងស្រុក ដកស្រង់ដោយ​សារព័ត៌មាន Sputnik នៅរសៀល​ថ្ងៃសុក្រ ទី០៧ ខែកញ្ញា ឆ្នាំ២០១៨។

យោងតាមនិពន្ធ​នាយក​សារព័ត៌មាន Wall Street Journal លោក ចេមស៍ ហ្វ្រីមែន (James Freeman) បានលើកឡើង​បែបនេះ ប្រាប់លោក​នៅក្នុងបទសម្ភាសន៍​មួយកាលពី​ថ្ងៃព្រហស្បតិ៍។ លោក Freeman គូសបញ្ជាក់យ៉ាងដូច្នេះថា «លោកប្រធានា​ធិបតី ដូណាល់ ត្រាំ បានប្រាប់​ខ្ញុំថា ទំនាក់ទំនងរបស់​ទីក្រុងវ៉ាស៊ីនតោន​ជាមួយទីក្រុងតូក្យូ​ មានភាពរឹងមាំ​បំផុត... ប៉ុន្តែ លោកក៏បានអះអាង​ដែរថា​ ទំនាក់ទំនងនេះអាច​នឹងត្រូវបញ្ចប់​ភ្លាមៗ បើសិនជាលោកប្រាប់ជប៉ុនថា​ ពួកគេត្រូវ​ចំណាយ​លុយប៉ុន្មាន»។

គួរបញ្ជាក់ថា បើតាម​លោក James Freeman លោក ដូណាល់ ត្រាំ កំពុងផ្ដោត​សំខាន់លើកាត់បន្ថយ​ឱនភាព ពាណិជ្ជកម្មជាមួយ​បណ្ដាប្រទេស​ជាដៃគូ ក្នុងនោះរួមមាន​ទាំងជប៉ុន ដែលលោកចោទ​ថា បានធ្វើពាណិជ្ជកម្ម​មិនត្រឹម ត្រូវដោយ​សារតែឱនភាព​ពាណិជ្ជកម្ម​របស់សហរដ្ឋអាមេរិក ជាមួយទីក្រុងតូក្យូ​មានរហូតដល់ ៤០ពាន់លានដុល្លារ កាលពីខែកក្កដា​កន្លងទៅ ខណៈលោក​ជម្រុញឱ្យជប៉ុនទិញ​ផលិតផល ឬអាវុធបន្ថែម​ពីអាមេរិក៕