(តូក្យូ)៖ នាយករដ្ឋមន្រ្តី​ជប៉ុន​លោក ស៊ីនហ្សូ អាបេ នឹងត្រូវប្រកួតប្រជែង​​តំណែង​ជាប្រធាន​​គណបក្ស​កាន់​អំណាច LDP នាថ្ងៃ​ទី២០ ខែកញ្ញា ជាមួយអតីតរដ្ឋ​មន្រ្តីការពារជាតិ​លោក Shigeru Ishiba តាមរយៈការបោះឆ្នោតផ្ទៃ​ក្នុងមួយ។ នេះបើតាម​ការដកស្រង់​ការ​ផ្សាយ​ចេញ​​ពី​ ទីភ្នាក់​ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃសុក្រ ទី០៧ ខែកញ្ញា ឆ្នាំ២០១៨។

​ការបោះឆ្នោត​​ខាងលើនេះ នឹងមិនត្រឹមតែជ្រើសរើស​មេដឹកនាំ​​របស់បក្ស LDP ប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹង​​សម្រេច​​ថា តើបេក្ខជនរូបណា​នឹងបន្តធ្វើជា​នាយករដ្ឋមន្រ្តី​ នៃប្រទេសជប៉ុន​ផងដែរ។ ប្រសិនបើ​លោក អាបេ វ័យ ៦៣ឆ្នាំ ទទួលជ័យជម្នះ​នោះ ការបន្តដឹកនាំនា​​អាណត្តិ​ទី ៣ របស់លោក នឹងស្ទើរតែអាច​ធានាបានទាំង​ស្រុងថា រូបលោកនឹងក្លាយ​ជា​នាយករដ្ឋមន្រ្តី​ជប៉ុន ដែលកាន់អំណាច​បានយូរជាង​គេ​​បង្អស់ នៅក្នុងប្រវត្តិសាស្ត្រ​។​

គួរជម្រាបថា ពីដំបូងឡើយ​ការចាប់ផ្តើមយុទ្ធនាការ​​​ឃោនា​សម្រាប់ការប្រកួត​យកតំណែងជា​ប្រធានបក្ស LDP ត្រូវបានគ្រោងថា នឹង​ប្រព្រឹត្ត​ទៅនា​ថ្ងៃសុក្រនេះ ប៉ុន្តែបេក្ខជន​ទាំងពីរ​បានសម្រេចពន្យារពេលប៉ុន្មាន​ថ្ងៃសិន ដោយសារតែ​គ្រោះរញ្ជួយដី​ដ៏អាក្រក់ បានវាយ​ប្រហារកោះ​ហុកកៃដូកាលពីម្សិល​មិញ។

លោក Abe ដែលមានតួនាទី​ជាមេដឹកនាំ​ប្រទេស​ជប៉ុន ចាប់តាំងពី​ឆ្នាំ២០១២មកនោះ បានជាប់ឆ្នោតជា​ថ្មីម្តងទៀត​ក្នុងអាណត្តិ​ទីពីរ​ កាល​ពីឆ្នាំ២០១៥ ដើម្បីកាន់តំណែង​សម្រាប់រយៈពេល ០៣ឆ្នាំទៀត។ ចំណែក​លោក Ishiba វ័យ ៦១ឆ្នាំ ​បានប្រកាស​កាលពី​ថ្ងៃទី១០ ខែសីហាថា​ លោកនឹងចូលរួមប្រកួត​ប្រជែង​យកតំណែងជា​ប្រធានបក្ស LDP ព្រោះថា​ប្រសិនបើ​លោក Abe នៅតែបន្តឈរ​ឈ្មោះ​ដោយ​ពុំមាន​គូប្រជែងទៀតនោះ វានឹងប៉ះពាល់​ដល់លទ្ធិប្រជាធិបតេយ្យ​នៅក្នុងប្រទេស​ជប៉ុន៕