(ប៉ាគីស្ថាន)៖ ឥណ្ឌាទំនង​ជាអាចនឹងស្រងាកចិត្ត ចំពោះការសិក្សាស្រាវជ្រាវ​ថ្មីមួយ ដែលអះអាង​ថា ប្រទេសប៉ាគីស្ថាន​អាចនឹងក្លាយជាមហាអំណាចនុយក្លេអ៊ែរទី ៥ នៅលើ​ពិភពលោក។ នេះបើតាមអង្គការ​សហព័ន្ធអ្នក​វិទ្យាសាស្ត្រ​អាមេរិក ដកស្រង់ដោយ​សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃសុក្រ ទី០៧ ខែកញ្ញា ឆ្នាំ២០១៨។

ការសិក្សាស្រាវជ្រាវថ្មី​មួយ របស់​អង្គការសហព័ន្ធ​អ្នកវិទ្យាសាស្ត្រ​អាមេរិក (Federation of American Scientists) ចេញផ្សាយ​នៅសប្ដាហ៍នេះ​បានឱ្យដឹង​ទៀតថា សមត្ថភាពនុយក្លេអ៊ែរ​របស់ប៉ាគីស្ថានបាន​ក្លាយជាក្ដីកង្វល់​សម្រាប់ សហរដ្ឋអាមេរិក និងបណ្ដាប្រទេស​ដទៃទៀត ជា​ពិសេសគឺឥណ្ឌា ខណៈក្បាល​គ្រាប់នុយក្លេអ៊ែរ​ប៉ាគីស្ថាន អាចនឹងកើន​ឡើងពី ២២០គ្រាប់ ដល់ ២៥០គ្រាប់ នៅត្រឹម​ឆ្នាំ២០២៥។

ក៏ប៉ុន្តែអ្វីដែលគួរ​ឱ្យកត់សម្គាល់ បើសិនជាការសិក្សាថ្មីនេះ​ក្លាយជាការពិត នោះប៉ាគីស្ថាននឹងក្លាយជា​មហាអំណាច​នុយក្លេអ៊ែរលេខ ៥ នៅលើពិភពលោក ហើយវាក៏នឹង​បង្កជាក្ដីព្រួយបារម្ភ​ដល់ឥណ្ឌាផងដែរ ស្របពេល​កំពុងមាន ជម្លោះដែនដី​ជាមួយប៉ាគីស្ថាន​នៅឯតំបន់កាស្មៀ។

គួរបញ្ជាក់ថា កាលពី​ឆ្នាំ១៩៩៩ អង្គការសហព័ន្ធអ្នក​វិទ្យាសាស្ត្រអាមេរិកក៏ធ្លាប់​បានព្យាករដែរថា ប៉ាគីស្ថាន​អាចនឹង មានក្បាលគ្រាប់​នុយក្លេអ៊ែរពី ៦០គ្រាប់ ដល់ ៨០គ្រាប់ នៅត្រឹមឆ្នាំ២០២០ ប៉ុន្តែស្ថានការណ៍​បច្ចុប្បន្ន គឺខុសឆ្ងាយ​ពីអ្វីដែលត្រូវបាន​ព្យាករណ៍នោះ​ខ្លាំងណាស់៕