(ប៉េកាំង)៖ ការធ្វើនាវាចរណ៍​របស់នាវាចម្បាំង​អង់គ្លេស នៅក្បែរតំបន់ទីប្រជុំកោះ​ក្នុងតំបន់សមុទ្រចិន​ខាងត្បូង​ដែលជាកម្មសិទ្ធិ​របស់ចិន អាចនឹងបំផ្លាញ​ដល់​រាល់​កិច្ចចរចា​​ស្ដីពីកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីរវាងចិន និងអង់គ្លេស បន្ទាប់ពីទីក្រុង​ឡុងដ៍ចាកចេញ​ពី​សហភាពអឺរ៉ុប។ នេះបើ​តាម China Daily ដកស្រង់ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី០៧ ខែកញ្ញា ឆ្នាំ២០១៨។

ការព្រមានបែបនេះ​របស់សារព័ត៌មាន​រដ្ឋចិន China Daily ធ្វើឡើងក្រោយ​ទីក្រុងឡុងដ៍ និងទីក្រុង​ប៉េកាំង បានព្រមព្រៀងគ្នា​កាលពីខែសីហា​កន្លងទៅថា​ នឹងខិតខំ​ប្រឹងប្រែង​ធ្វើយ៉ាងណា ដើម្បីឈាន​ដល់ការឯកភាពគ្នា​ ក្នុងការបើក​កិច្ចចរចាស្ដីពីពាណិជ្ជកម្ម​សេរីមួយ នៅក្រោយអង់គ្លេស​លែងលះដាច់ស្រេច​ ជាមួយ​សហភាពអឺរ៉ុប (Brexit)។

China Daily បានគូសញ្ជាក់​ដូច្នេះថា «ចិន និងអង់គ្លេសបាន​ឯកភាពថា នឹងបង្កើនកិច្ចខិតខំ​ប្រឹងប្រែង​ស្វែងរកកិច្ច ចរចាលើកិច្ចព្រមព្រៀង​ពាណិជកម្មសេរី​បន្ទាប់ពី Brexit... ក៏ប៉ុន្តែ ការធ្វើនាវាចរ​របស់នាវាចម្បាំង​អង់គ្លេស​នាពេលថ្មីនេះ នៅក្បែរតំបន់​ទីប្រជុំកោះក្នុងតំបន់សមុទ្រ​ចិនខាងត្បូង​ ដែលជាកម្មសិទ្ធិ​របស់ចិនអាចនឹង​បំផ្លាញដល់ រាល់កិច្ចចរចាស្ដី​ពីកិច្ចព្រមព្រៀង​រវាងប្រទេស​ទាំងពីរ»

គួរជម្រាបថា នាវាចម្បាំង​អង់គ្លេស HMS Albion ដែលមាន​ទម្ងន់ ២២,០០០តោន ត្រូវបានគេរាយការណ៍​ថា បានធ្វើការចល័តនៅក្បែរតំបន់ទីប្រជុំកោះ ផារ៉ាសែល (Paracel) ក្នុងតំបន់សមុទ្រចិន​​ខាងត្បូងកាលពី​ខែសីហា​កន្លងទៅ ដោយបង្កឱ្យ​ចិនខឹងសម្បារ​យ៉ាងខ្លាំង​ហើយចាត់ទុកថា វាគឺជាសកម្មភាព​បង្ករឿង៕