(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ នៅថ្ងៃពុធ​សប្ដាហ៍នេះ បានព្រមាន​បិទរដ្ឋាភិបាល​សហព័ន្ធ ដែលនេះគឺផ្ទុយ​ទាំងស្រុងចំពោះ​ការលើកឡើងរបស់​លោក​ថា មិនចូលចិត្តគំនិតនៃការបិទដំណើរការ រដ្ឋាភិបាលសហព័ន្ធនោះឡើយ​កន្លងមក។ នេះបើតាមការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៦ ខែកញ្ញា ឆ្នាំ២០១៨។

ថ្លែងទៅកាន់អ្នក​សារព័ត៌មាន​លោក ដូណាល់ ត្រាំ បានលើកឡើង​យ៉ាងដូច្នេះថា «បើសិនជាវា​កើតឡើង​នោះវានឹងកើត​ឡើង ហើយបើសិនជា​វាពាក់ព័ន្ធនឹងសន្តិសុខ​ព្រំដែន ខ្ញុំនឹងមិនធ្វើអ្វី​ទាំងអស់»។ ការលើកឡើង​បែបនេះរបស់​លោក ត្រាំ ធ្វើឡើងនៅ​មុនពេលលោក​ ត្រូវជួបពិភាក្សាការងារជា​មួយថ្នាក់ដឹកនាំ​សភាអាមេរិក ជុំវិញរបៀបរវារៈ​សភាសម្រាប់​ប៉ុន្មានខែខាង​មុខនេះ ក្នុងនោះរួមមាន​ទាំងបង្កើនមូលនិធិ​សម្រាប់រដ្ឋាភិបាល​សហព័ន្ធ ដែលនឹងត្រូវផុត​កំណត់​នៅត្រឹម​ថ្ងៃទី៣០ ខែកញ្ញានេះ។​

គួរបញ្ជាក់ថា បច្ចុប្បន្ន​សភាអាមេរិក​កំពុងធ្វើការលើការអនុម័ត​ កញ្ចប់ថវិកាសម្រាប់ឆ្នាំ​សារពើពន្ធ ដែលនឹងចាប់​នៅថ្ងៃ ទី០១ ខែតុលា។ ក៏ប៉ុន្តែ​លោក ត្រាំ ត្រូវបានគេរំពឹងថា នឹងបង្ខំចិត្តបិទ​ដំណើរការរដ្ឋាភិបាលសហព័ន្ធមួយ​ផ្នែក​នៅខែតុលា បើសិនជាលោក​ជំទាស់នឹងច្បាប់ស្ដីពីកញ្ចប់​ថវិកានេះ៕