(​វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថាលោកនឹងដកសហរដ្ឋអាមេរិក ចេញពីអង្គការពាណិជ្ជកម្មពិភពលោក (​WTO) បើសិនជាអង្គការមួយនេះ មិនផ្លាស់ប្ដូររបៀបដែលកំពុងដោះស្រាយជាមួយអាមេរិកទេនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC​ នៅថ្ងៃសុក្រ ទី៣១ ខែសីហា ឆ្នាំ២០១៨។

ការព្រមានបែបនេះរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ Bloomberg នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅអាមេរិក)។ ថ្លែងនាឱកាសនោះ ប្រធានាធិបតីអាមេរិករូបនេះ បានគូសបញ្ជាក់ដូច្នេះថា៖ «បើសិនជាពួកគេមិនមានការអភិវឌ្ឍទេ ខ្ញុំនឹងដកសហរដ្ឋអាមេរិកចេញពី WTO​»។ អង្គការ WTO ត្រូវបានបង្កើតឡើងក្នុង គោលដៅអនុវត្តច្បាប់ពាណិជ្ជកម្មពិភពលោក និងដោះស្រាយជម្លោះពាណិជ្ជកម្ម។

ក៏ប៉ុន្តែ លោក ដូណាល់ ត្រាំ ដែលកំពុងប្រកាន់ភ្ជាប់គោលនយោបាយគាំពារនិយម បានអះអាងថាសហរដ្ឋអាមេរិក កំពុងរងភាពអយុត្តិធម៌ដោយសារតែ WTO​ ដែលកំពុងដោះស្រាយពាក្យបណ្ដឹងពីបណ្ដាប្រទេសមួយចំនួន ប្រឆាំងសហរដ្ឋអាមេរិក ជុំវិញការតម្លើងពន្ធលើដែក និងអាលុយមីញ៉ូមពីសំណាក់ទីក្រុងវ៉ាស៊ីនតោន។

គួរបញ្ជាក់ថា បច្ចុប្បន្នសហរដ្ឋអាមេរិកកំពុងប្រឈមមុខនឹងពាក្យបណ្ដឹង ពីសំណាក់ប្រទេសមួយចំនួន ដូចជាតួកគីជាដើម ដែលបានប្ដឹងទៅកាន់ WTO​ ឱ្យជួយដោះស្រាយជម្លោះពាណិជ្ជកម្ម ដោយសារតែគោលនយោបាយតម្លើងពន្ធរបស់លោកត្រាំ៕