​(តូក្យូ)៖ ក្រសួងការពារ​ជាតិជប៉ុន​ នៅថ្ងៃអង្គារ​នេះ​បានអះអាងថា កូរ៉េខាងជើង នៅតែជាការគំរាមកំហែង​ដ៏ធំដល់សន្តិសុខជាតិ​របស់ខ្លួន បើទោះ​បី​ជាទីក្រុងព្យុងយ៉ាង​​ផ្អាកការធ្វើតេស្ដមីស៊ីល និងអាវុធ​នុយក្លេអ៊ែរ ព្រមទាំងមាន​ការសន្យាពីមេដឹកនាំ​លោក គីម ជុងអ៊ុន ថានឹងលុបបំបាត់​អាវុធនុយក្លេអ៊ែរ​ ចេញពីឧបទ្វីបកូរ៉េ​ក៏ដោយ។ នេះបើតាម​ការចេញការចេញ​ផ្សាយដោយ​សារព័ត៌មាន Channel News Asia​ នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែសីហា ឆ្នាំ២០១៨។

ការលើកឡើង​បែបនេះរបស់ក្រសួង​ការពារជាតិ​ជប៉ុន ធ្វើឡើងនៅក្នុងសៀវភៅ​សប្រចាំឆ្នាំមួយ​​ចេញផ្សាយនៅថ្ងៃអង្គារ​នេះ ខណៈសហរដ្ឋអាមេរិក និងកូរ៉េខាងជើង កំពុងតឹងសសៃ​កដាក់គ្នា​ក្រោយលោក ដូណាល់ ត្រាំ បញ្ជាឱ្យ​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ម៉ៃក៍ ប៉ុមប៉េ លុបចោល​ដំណើរទស្សនកិច្ច​ទៅកាន់ទីក្រុង​ព្យុងយ៉ាង ដែលដំបូង​ឡើយគ្រោងនឹងប្រព្រឹត្ត​ទៅនៅក្នុង​សប្ដាហ៍នេះ។

នៅក្នុងសៀវភៅ​សដដែល ក្រសួងការពារជាតិ​ជប៉ុន​បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «សកម្មភាពយោធា​របស់​កូរ៉េខាងជើង នៅតែជាការ គំរាមកំហែងដ៏​ធំដល់សន្តិសុខជាតិ​ជប៉ុន... ហើយយើងត្រូវតែ​ចាំបាច់រក្សាការយកចិត្តទុក​ដាក់ខ្ពស់បំផុត ក្នុងការឃ្លាំមើល​សកម្មភាព​របស់​កូរ៉េខាងជើង ក្នុងការរំសាយ​អាវុធ​នុយក្លេអ៊ែរ និងមីស៊ីល​របស់​ពួកគេ»

គួរជម្រាបថា ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ ធ្លាប់បានលើក​ឡើងជាសាធារណថា កូរ៉េខាងជើងលែង​ក្លាយជាការ គំរាមកំហែង​នុយក្លេអ៊ែរទៀត​ហើយ បន្ទាប់ពីលោកបាន​ជួបជាមួយ​លោក គីម ជុងអ៊ុន នៅក្នុងប្រទេស​សិង្ហបុរី កាលពីខែមិថុនា​កន្លងទៅ៕