(ដាម៉ាស់)៖ ទីភ្នាក់ងារសារព័ត៌មានស៊ីរី Al Masdar បានឱ្យដឹងថា កងទ័ពអាកាសស៊ីរីត្រូវបានដាក់ឱ្យនៅក្រោម ការប្រុងជើងការកម្រិតខ្ពស់មួយ ខណៈមានសេចក្ដីរាយការណ៍ថា សហរដ្ឋអាមេរិកអាចនឹងបើកការវាយប្រហារសាជាថ្មីប្រឆាំងនឹងរដ្ឋាភិបាល ទីក្រុងដាម៉ាស់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី២៨ ខែសីហា ឆ្នាំ២០១៨។

សេចក្ដីរាយការណ៍របស់ Al Masdar កើតមានឡើង បន្ទាប់ពីទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton បានព្រមានថា ទីក្រុងវ៉ាស៊ីនតោន បានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការសកម្មភាពយោធាប្រឆាំងនឹងស៊ីរី បើសិនជាទីក្រុងដាម៉ាស់ ប្រើប្រាស់ អាវុធគីមីប្រឆាំងនឹងជនស៊ីវិល។ Al Masdar បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ខណៈពុំទាន់មានហេតុផលជាក់ស្ដែងបញ្ជាក់ពី សកម្មភាពនេះក៏ដោយ តែការវាយប្រហាររបស់សហរដ្ឋអាមេរិក អាចនឹងត្រូវធ្វើឡើងប្រឆាំងនឹងរដ្ឋធានីដាម៉ាស់ ឬតំបន់នៅក្បែររដ្ឋធានីក្នុងពេលឆាប់ៗនេះ... ដូច្នេះហើយ ទើបកងទ័ពអាកាសស៊ីរី ត្រូវបានដាក់ឱ្យនៅក្រោមការប្រុងជើងការកម្រិតខ្ពស់មួយដើម្បី ទប់ស្កាត់រាល់ការវាយប្រហារទាំងឡាយពីសំណាក់ទីក្រុងវ៉ាស៊ីនតោន និងលោកខាងលិច»

សូមជម្រាបថា កាលពីសប្ដាហ៍មុន ក្រសួងការពារជាតិរុស្ស៊ី ក៏បានចោទប្រកាន់សហរដ្ឋអាមេរិក អង់គ្លេស និងបារាំងផងដែរថា កំពុងត្រៀមខ្លួនវាយប្រហារសាជាថ្មីលើរដ្ឋាភិបាលស៊ីរី ដោយប្រើលេសថាទីក្រុងដាម៉ាស់ប្រើប្រាស់អាវុធគីមី៕