(ប៊ែរឡាំង)៖ រដ្ឋមន្រ្តី​ការបរទេស​អាល្លឺម៉ង់​លោក ហៃកូ ម៉ាអាស (Heiko Maas) ​បានលើក​ឡើងថា អឺរ៉ុប​គួរឲ្យ​គិតគូរវាយ​តម្លៃឡើងវិញទៅលើភាព​​ជាដៃ​គូជាមួយ​សហរដ្ឋអាមេរិក និងបានទទូចឲ្យ​អឺរ៉ុបរួមគ្នា​បញ្ចេញប្រតិកម្ម​ ចំពោះគោលនយោបាយ​ទាក់ទិនការដាក់ទណ្ឌកម្ម​របស់​ទីក្រុង​​វ៉ាស៊ីនតោន ទៅលើ​ប្រទេសរុស្ស៊ី ចិន តួកគី ក៏ដូចជាដៃគូសេដ្ឋកិច្ច​សំខាន់ៗ​ឯទៀតៗ។ នេះបើតាម​ការដកស្រង់ការ​ផ្សាយចេញពី​​សារ​ព័ត៌មានរុស្ស៊ី Sputnik នៅល្ងាច​ថ្ងៃចន្ទ ទី២៧ ខែសីហា ឆ្នាំ២០១៨។

លោក Maas បាន​និយាយថា អឺរ៉ុបត្រូវការ​ភាពជាដៃគូថ្មី​ ដែលមានតុល្យភាព​ជាមួយ​សហរដ្ឋអាមេរិក ហើយ​អឺរ៉ុបគួរតែ​បញ្ចេញប្រតិកម្ម​​ចំពោះទង្វើរបស់​សហរដ្ឋអាមេរិក ដែលបានដាក់​ទណ្ឌកម្មយ៉ាង​អណាធិបតេយ្យ​ប្រឆាំង​នឹងរុស្ស៊ី​ ចិន និងតួកគី ហើយនាពេលអនាគត​ប្រហែលអាច​ប្រឆាំងទៅលើ​ដៃគូ​ពាណិជ្ជកម្មសំខាន់ៗ​ដទៃទៀតក៏ថា​បានដែរ។ នាឱកាសនោះ លោក Maas ក៏បានអំពាវនាវឲ្យ​មានការខិតខំប្រឹង​ប្រែង​ ​ពង្រឹង​ស្វយ័តភាព​ និងអធិបតេយ្យភាព​នៃគោលនយោបាយ​​ពាណិជ្ជកម្ម សេដ្ឋកិច្ច និងហិរញ្ញវត្ថុ​អឺរ៉ុប​ផងដែរ។

គួរជម្រាបថា នាពេល​កន្លងមកនេះ សហភាពអឺរ៉ុបបានសន្យាថា នឹងទប់ទល់ការដាក់ទណ្ឌកម្ម​ជាថ្មីឡើងវិញរបស់​វ៉ាស៊ីនតោន​ទៅលើ​តេហរ៉ង់ និងបានព្យាយាម​បញ្ចុះបញ្ចូល​ឲ្យ​អ៊ីរ៉ង់ បន្តគោរពតាម​លក្ខខណ្ឌ​​នៃកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ JCPOA ដែល​អាមេរិកបានបោះ​បង់ចោល​កាលពីដើមខែឧសភា​កន្លងទៅ៕