(វ៉ាស៊ីនតោន)៖ ទីបំផុតទណ្ឌកម្មថ្មីរបស់​ទីក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងទីក្រុង​ម៉ូស្គូ ដែលពាក់ព័ន្ធនឹង​ការ​ចោទប្រកាន់ថា រុស្ស៊ីមាន​ជាប់​ទាក់​ទិន​នឹងការលួចបំពុល​អតីតមន្រ្តីចារកម្មរុស្ស៊ី​ឈ្មោះ ស៊ឺហ្គៃ ស្គ្រីផាល់ (Sergei Skripal) ​នោះ បានចូលជាធរមាន​ហើយ។ នេះបើតាមការដក​ស្រង់ការផ្សាយ​ចេញពី​សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃចន្ទ ទី២៧ ខែសីហា ឆ្នាំ២០១៨។

កាលពី​ថ្ងៃទី០៨ ខែសីហា ទីក្រុងវ៉ាស៊ីនតោន​បានប្រកាសការ​ដាក់ទណ្ឌកម្មថ្មីប្រឆាំង​នឹងរុស្ស៊ី ជុំវិញការចោទ​ប្រកាន់ថា រុស្ស៊ីបាន​ប្រើ​អាវុធគីមី​ដោយក្នុងនោះ​គឺមាន ០២ ដំណាក់កាល ខណៈកញ្ចប់ទីមួយ​ដែលបានចូលជាធរមាន​នៅថ្ងៃចន្ទនេះ រួមមានការដាក់​បម្រាម​​​លើ​ការផ្គត់ផ្គង់​ឧបករណ៍​​ និងបរិក្ខាអេឡិចត្រូនិកមួយចំនួន ទៅកាន់ប្រទេសរុស្ស៊ី ហើយកញ្ចប់ទីពីរ ​គឺអាស្រ័យលើ​គោល​នយោបាយ​ពេលនាអនាគត​របស់រុស្ស៊ី រួមមានការបិទជើង​ហោះហើរ​របស់អាកាសចរណ៍​រុស្ស៊ី អេរ៉ូហ្វ្លូត (Aeroflot) មិនឲ្យចូល​ទឹកដី​អាមេរិក ការដាក់កំហិត​លើចំណងការទូត និងការផ្អាកការនាំ​ចេញផលិតផលអាមេរិក​ទៅរុស្ស៊ី​ជាដើម។

គួរជម្រាបថា លោក Skripal និងកូនស្រី ត្រូវគេរកឃើញទាំង​ក្នុងសភាសន្លប់​ស្តូកស្តឹង​ នៅក្រុង Salisbury នៃចក្រភពអង់គ្លេស កាលពី​ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨ ហើយភ្លាមៗនោះ​ចក្រភពអង់គ្លេស​ព្រមទាំងសម្ព័ន្ធមិត្ត បានធ្វើការចោទប្រកាន់​ភ្លាមៗ ទៅលើប្រទេស​រុស្ស៊ីថា ជាអ្នករៀបចំ​គម្រោងប្រើអាវុធគីមីបំពុល​អតីតមន្រ្តីចារកម្ម​រូបនេះ៕