(សេអ៊ូល)៖ កូរ៉េខាងត្បូង​នៅថ្ងៃចន្ទនេះ​បាននិយាយថា ការលុបចោលដំណើរ​ទស្សនកិច្ចទៅកាន់​កូរ៉េខាងជើង របស់រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក ម៉ៃក៍ ប៉ុមអូ អាចនឹងជះ​ឥទ្ធិពលអវិជ្ជមាន​ដល់គំរោងបង្កើត «ការិយាល័យ​ទំនាក់ទំនង​អន្តរកូរ៉េ» ដែលគ្រោងនឹង​បើកនៅក្នុង​ខែសីហានេះ។ នេះបើតាម​ការចេញផ្សាយដោយ​សារព័ត៌មាន Channel News Asia​ នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែសីហា ឆ្នាំ២០១៨។

លោក ដូណាល់ ត្រាំ កាលពី​សប្ដាហ៍មុន​បានបញ្ជាឱ្យ​លោក ប៉ុមប៉េអូ លុបចោល​ដំណើរទស្សនកិច្ច ទៅ​កាន់​កូរ៉េខាងជើង​នៅក្នុង​សប្ដាហ៍នេះ ដោយលោក​បន្ទោសទីក្រុងប៉េកាំងថា មិនបានជួយដាក់សម្ពាធ​គ្រប់គ្រាន់លើទីក្រុង​ព្យុងយ៉ាង ឱ្យរំសាយ​អាវុធនុយក្លេអ៊ែរនោះទេ។ ក៏ប៉ុន្តែ​ថ្លែងប្រាប់អ្នកសារព័ត៌មាន​នៅថ្ងៃចន្ទនេះ អ្នកនាំពាក្យ​វិមានប្រធានាធិបតី​កូរ៉េខាងត្បូង​លោក គីម អ៊ុយគ្យឺម (Kim Eui-kyeom) បានអះអាងថា លោកមិនអាចនិយាយបាន​ថា​ការសម្រេចចិត្តរបស់​លោក ត្រាំ នឹងមិនធ្វើឱ្យ​ប៉ះពាល់ដល់ដល់​គំរោងបើក​ការិយាល័យ​អន្តរកូរ៉េ ១០០ភាគរយ​ឡើយ។

គួរបញ្ជាក់ថា កូរ៉េខាងត្បូង និងកូរ៉េខាងជើង​មានគ្រោងនឹង​បើកការិយាល័យទំនាក់ទំនង​អន្តរកូរ៉េ នៅក្នុង​ខែសីហានេះ​បើទោះជា មានការព្រួយបារម្ភថា ការបើក​ការិយាល័យនេះ អាចនឹងរំលោភ​លើដំណោះស្រាយដាក់​ទណ្ឌកម្មរបស់អង្គការ​សហប្រជាជាតិ ប្រឆាំងនឹង​កូរ៉េខាងជើង​ក៏ដោយ៕