(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ត្រូវគេរាយការណ៍​ថា បានទាត់ចោល​សេចក្តី​ថ្លែងការណ៍​​របស់​ក្រុមមន្រ្តី​​សេតវិមាន ដែលមានបំណងចង់​សម្តែងការកោតស្ញប់ស្ញែង ​ចំពោះ​ស្នាដៃនានារបស់ព្រឹទ្ធសមាជិក​អាមេរិក លោក ចន ម៉ាខេន (John McCain) ដែល​​ទើប​តែ​​ទទួល​មរណភាព។ នេះបើតាម​សេចក្តីរាយការណ៍របស់​កាសែត​អាមេរិក Washington Post ដកស្រង់ដោយ​សារ​ព័ត៌​មាន​​រុស្ស៊ី Sputnik នៅ​ព្រឹក​ថ្ងៃចន្ទ ទី២៧ ខែសីហា ឆ្នាំ២០១៨។

លោក ដូណាល់ ត្រាំ បានបដិសេធមិន​ឲ្យ​ចេញសេចក្តីថ្លែងការណ៍​ខាងលើ ដោយនិយាយថា រូបលោកចង់បង្ហោះ​សារលើប្រព័ន្ធ Twitter ដើម្បីចូលរួមរំលែកទុក្ខ​ជាង។ យ៉ាងណាមិញ​សារ Twitter របស់លោក​ប្រធានាធិបតី​អាមេរិក​ពុំបាន​និយាយអ្វី​ច្រើនឡើយ​​​អំពី​លោក McCain នោះ​ឡើយ ដោយ​ក្នុងនោះគ្រាន់​តែ​​បានសម្តែង​សមានទុក្ខ និងការគោរព​ដល់​​​ក្រុមគ្រួសាររបស់​លោក John McCain តែប៉ុណ្ណោះ។

គួរជម្រាបថា លោក ត្រាំ និងលោក McCain មានការខ្វែងគំនិតគ្នា​លើកបញ្ហាជាច្រើន តាំងតែពី​លោក ត្រាំ មិនទាន់ឡើង​កាន់អំណាច​​​​ម្ល៉េះ ទោះបីជា​នៅបក្សសាធារណរដ្ឋដូចគ្នា​ក៏ដោយ ហើយមើលទៅទោះ​បីជា​លោក McCain ទទួលមរណភាព​ទៅហើយក្តី វានៅតែ​ពុំមានការ​ប្រែប្រួល​ឡើយ។

លោក John McCain បានទទួលមរណភាព​កាលពីចុងសប្តាហ៍កន្លង​ទៅនេះ ដោយសារជំងឺដុះសាច់មហារីក​ក្នុងខួបក្បាល​ក្នុងវ័យ​ ៨១ឆ្នាំ។ ​នៅអំឡុងពិធីបុណ្យសព​របស់លោក McCain នឹងមានការថ្លែងសុន្ទរកថា​ពីសំណាក់​អតីត​ប្រធានាធិបតី​អាមេរិក លោក Obama និងលោក George W. Bush ខណៈ​លោក ដូណាក់ ត្រាំ ត្រូវបានស្នើមិនឲ្យ​ទៅចូលរួមពិធីនេះឡើយ។

ចំណែកអដ្ឋិធាតុរបស់លោក McCain នឹងត្រូវតម្កល់​ជាបណ្តោះ​អាសន្ននៅក្នុងវិមាន Capitol Hill ដើម្បីជាការគោរព​​ដល់​ស្នាដៃ​​បម្រើជាតិ​របស់លោក ហើយ​ក្រោយ​មក​នឹង​ត្រូវផ្ទេរ​ទៅ​កាន់​​ព្រះវិហារ Washington National Cathedral វិញដើម្បីធ្វើ​ពិធី​បញ្ចុះជាផ្លូវការ៕