(អង់ការ៉ា)៖​ ​ប្រធានាធិបតីតួកគីលោក អឺដូហ្គាន់ ត្រូវគេមើលឃើញថា បានដឹងជាមុនរួចហើយថា ​ប្រទេសរបស់លោកនឹងជួបប្រទះវិបត្តិ​សេដ្ឋកិច្ច ប៉ុន្តែក្នុងនាមជាជនពូកែខាងវោហាសាស្រ្ត​នោះ លោកត្រូវការសត្រូវដែលនៅពីខាងក្រៅ សម្រាប់ទម្លាក់កំហុសទៅលើ ដើម្បី​ធ្វើជាលេស ដែលលោកអាចយកទៅបិទបាំងប្រព័ន្ធគ្រប់គ្រងសេដ្ឋកិច្ចដ៏ទន់ខ្សោយ​ ក៏ដូចជាលទ្ធផលនៃការដឹកនាំប្រទេសបែបផ្តាច់ការ​របស់លោក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Turkish Minute នៅរសៀលថ្ងៃសុក្រ ទី២៤ ខែសីហា ឆ្នាំ២០១៨។

ចាប់តាំងពីឆ្នាំ២០១៥មក តម្លៃលុយលីរ៉ា (Lira) បានធ្លាក់ចុះបន្តិចម្តងៗធៀបនឹងលុយដុល្លារ ប៉ុន្តែលោក​ប្រធានាធិបតីតួកគី តែងតែ​បាន​​ទម្លាក់កំហុសទៅលើភាគីខាងក្រៅរហូត ហើយមកទល់ពេលនេះ ខណៈ​ដែល​តម្លៃលុយលីរ៉ា បានកើនដល់៦ទៅ៧លីរ៉ា ក្នុងមួយដុល្លារ លោក Erdogan បានលើកឡើងថា គឺវាបណ្តាលមកពី​បញ្ហា​អាចារ្យសាសនាគ្រឹស្តអាមេរិកម្នាក់ឈ្មោះ Andrew Brunson ដែល​បាន​ស្ថិត​ក្រោម​ការ​ឃុំឃាំង នៅ​ក្នុងប្រទេសតួកគី អស់រយៈពេលជិត០២ឆ្នាំមកហើយ ក្រោមបទចោទប្រកាន់ទាក់ទងនឹងអំពើភេរវកម្ម។

គួរជម្រាបថា ជុំវិញរឿងឃុំឃាំងនេះ សហរដ្ឋអាមេរិក បានសម្រេចដាក់ទណ្ឌកម្មទៅលើ​រដ្ឋមន្រ្តីតួកគីពីររូប និង​បានអះអាងថាទណ្ឌកម្ម​បន្តបន្ទាប់ទៀត នឹងត្រូវធ្វើឡើងប្រសិនបើ លោក Brunson ពុំបានត្រូវដោះលែងមែននោះ ហើយ​រដ្ឋាភិបាលអឺដូហ្គាន់ បានហៅទង្វើ​នេះ​ថា ជាការវាយប្រហារមកសេដ្ឋកិច្ចរបស់តួកគី៕