(​កង់បេរ៉ា)៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Scott Morrison នឹងក្លាយជានាយករដ្ឋមន្ត្រីអូស្រ្ដាលីថ្មី បន្ទាប់ពីលោកបានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានគណបក្សសេរីនិយមថ្មី (Liberal party) នៅថ្ងៃសុក្រនេះ។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន BBC​ នៅថ្ងៃសុក្រ ទី២៤ ខែសីហា ឆ្នាំ២០១៨។

លោក Scott Morrison បានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានបក្សថ្មី ដែលមានបេក្ខជនពីរនាក់ទៀតចូលរួម ក្នុងនោះរួមមាន អតីតរដ្ឋមន្ត្រីមហាផ្ទៃលោក Peter Dutton និងរដ្ឋមន្រី្តការបរទេសអូស្ត្រាលី លោកស្រី Julie Bishop ខណៈ លោក Turnbull មិនបានចូលរួមនៅក្នុងការប្រកួតជែងនេះទេ។ លោក Morrison បានទទួលសំឡេងគាំទ្រ៤៥ ទល់នឹង៤០ សំឡេងរបស់លោក Peter Dutton។

គួរបញ្ជាក់ថា គណបក្សសេរីនិយម (Liberal party) គឺដៃគូនៅក្នុងក្រុមនយោបាយចំរុះអ្នកភិរក្សនិយម ដែលនឹងត្រូវចូលរួមក្នុង ការបោះឆ្នោតមួយនៅខែឧសភា ឆ្នាំ២០១៩ខាងមុខនេះ។ ចំណែកឯ ការបោះឆ្នោតនៅថ្ងៃសុក្រនេះ ត្រូវបានធ្វើឡើងក្រោយ សមាជិកសភាអូស្ត្រាលីភាគច្រើន ទាមទារឱ្យលោក Turnbull ចុះចេញពីតំណែងដោយសារអសមត្ថភាព និងធ្លាក់ប្រជាប្រិយភាព យ៉ាងខ្លាំងនៅក្នុងស្ទង់មតិជាច្រើននាពេលថ្មីៗនេះ៕