(​ហ្សឺណែវ)៖ ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺលោក ចន បូលតុន បានឲ្យដឹងថារូបលោក​បាន​ព្រមាន​ទីក្រុងម៉ូស្គូ ជុំវិញការចូលលូកលាន់​ការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់​សហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅនាខែវិច្ឆិកា​ខាងមុខ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានចិន CGTN នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែសីហា ឆ្នាំ២០១៨។

នៅក្រោយកិច្ចជួបពិភាក្សាជាមួយ​​ប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី លោក បូលតុន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានអន្តរជាតិ​ថា ​លោក បានធ្វើការគូសបញ្ជាក់យ៉ាងច្បាស់ថា សហរដ្ឋអាមេរិក នឹងពុំមានការអត់ឱនឲ្យឡើយ ចំពោះការលួចចូលជ្រៀតជ្រែត​ការបោះ​ឆ្នោតនៅឆ្នាំ២០១៨នេះ ហើយ​ទីក្រុងវ៉ាស៊ីនតោន បានត្រៀមលក្ខណៈរួចជាស្រេច ក្នុងការចាត់វិធានការចាំបាច់នានា ដើម្បី​ទប់ស្កាត់​កុំ​ឲ្យរឿងនេះកើតមានឡើងបាន។

គួរជម្រាបថា សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចរួចទៅហើយ ប្រឆាំងនឹង​រុស្ស៊ី ជុំវិញ​ការលូកលាន់ចូលកិច្ច​ការបោះឆ្នោត​ជ្រើសរើសប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០១៦ ខណៈដែលទីក្រុងម៉ូស្គូ បានច្រានចោលការចោទប្រកាន់នេះ។ លោក បូលតុន បានសង្កត់ធ្ងន់ថា ដោយសារតែការខ្វែងគំនិតគ្នាជុំវិញបញ្ហានេះហើយ ប្រទេសទាំងពីរ មិនអាចចេញសេចក្តីថ្លែងការណ៍រួមចុង​ក្រោយ​មួយបាន នៅក្រោយកិច្ចប្រជុំកំពូល​រវាងលោក ដូណាល់ ត្រាំ និងលោក ពូទីន កាលពីពាក់កណ្តាលខែកក្កដា៕